ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោកអញ្ជើញជួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ មុនបញ្ជាក់ជំហរនៅក្នុងសន្និសីទសារព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧតត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាបាន​ទទួលជួបលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក នៅទីស្ដីការក្រសួង​អប់រំ ដោយបានពិភាក្សាគ្នាជុំវិញការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងស្រ្តី លើកទី១៧ នាខែវិច្ឆិកា ឆ្នាំ២០១៩ នៅកម្ពុជា មុនពេលបញ្ជាក់ជំហររបស់សហព័ន្ធ​ពិភពលោក នៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃតែមួយ។ ជំនួបនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងអប់រំ។
លោក Claude Azema ជឿជាក់ថា កម្ពុជានឹងទទួល បានលទ្ធផលល្អក្នុងការធ្វើម្ចាស់ ផ្ទះ​​ជើង​ឯកពិភពលោក ដោយសារលោកមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសហព័ន្ធ កីឡាប៊ូល និងប៉េតង់កម្ពុជា បន្ទាប់ពីលោក បានធ្វើ ដំណើរមកកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស នាពេលកន្លងមក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សម្តែងការដឹងគុណចំពោះប្រធានសហ​ព័ន្ធកីឡា​ប៉េតង់ពិភពលោក ដែលផ្ដល់សិទ្ធិជូនកម្ពុជាទទួលធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ជាពិសេសគឺយកចិត្តទុកដាក់ខ្ពស់ ដោយចំណាយពេលវេលាដ៏មានតម្លៃធ្វើដំណើរមកជួយ កម្ពុជាចំនួន៣លើកហើយ ក្នុងនោះលោកបានបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសផ្ទាល់ដល់​អាជ្ញា​កណ្ដាល ចៅក្រម និងកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមបំពេញ ភារកិច្ចក្នុងការប្រកួត​ជើង​ឯកពិភពលោក។

ក្រោយបញ្ចប់ពិធីសំណេះសំណាលនេះ នៅល្ងាចថ្ងៃដដែល លោក Claude Azema ក៏បានចូលរួមក្នុងពិធីសន្និសីទសារព័ត៌មាន ដោយប្រធានសហព័ន្ធប៉េតង់ពិភពលោករូប នេះ បានអះអាងថា កត្តាចម្បងៗ ដែលសហព័ន្ធសម្រេចជ្រើសរើសឱ្យកម្ពុជាទទួលធ្វើ​ម្ចាស់ផ្ទះនេះ គឺដោយសារកត្តាសក្តានុពលនៃប្រភេទកីឡាប៉េតង់ កីឡាករ កីឡាការនីកម្ពុជាធ្លាប់ឈ្នះ​មេដាយ​មាស ប្រាក់ និងសំរឹទ្ធិជាច្រើជំនាន់ ជាពិសេសគឺអ្នកស្រី កែ ឡេង ដែលឈ្នះ​មេដាយ​មាស៣សម័យកាលជាប់ៗគ្នា។ លោកបានបន្ដថា តាមរយៈព្រឹត្តិការណ៍ពិភពលោកនេះដែរ មានប្រទេសប្រមាណ៦០ ដែលចូលរួមប្រកួតប្រជែង និងចូលរួមក្នុងសន្និបាតមួយ ក្នុងឱកាស​នោះ ហើយម្ចាស់ផ្ទះកម្ពុជា នឹងបានផ្សព្វផ្សាយពីកន្លែងប្រវត្តិសាស្រ្តជាច្រើន ដែលគួរចាប់​អារម្មណ៍ និងគួរឱ្យស្រឡាញ់ផងដែរ។

ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាគូសបញ្ជាក់ថា សម្រាប់ ការត្រៀមជើង ឯកប៉េតង់ពិភពលោកឆ្នាំ២០១៩នេះ គឺកម្ពុជាដាក់ចេញនូវផែនការ២ចំណុច ធំៗ គឺទីលានប្រកួត ដែលយើងមានហើយ ប៉ុន្តែត្រូវកែសម្រួលជួសជុលកែលម្អបន្ថែមទៀត តាមសំណើររបស់សហព័ន្ធពិភពលោក។ ឯកឧត្ដមបន្ដថា ចំពោះក្រុមមន្ត្រីបច្ចេកទេស អាជ្ញា​កណ្តាល ដែលសហព័ន្ធអន្តរជាតិជួយមួយផ្នែក រីឯ១ផ្នែកទៀតគឺខាងភាគីកម្ពុជា ត្រូវតែខិតខំ​ធ្វើដោយខ្លួនឯង ខណៈការរៀបចំទទួលប្រតិភូ កីឡាករ កីឡាការិនីអន្តរជាតិ ការហូបចុក ស្នាក់នៅ ជាដើមនោះ គឺយើងបានត្រៀមលើការងារនេះបានប្រមាណ៩០ភាគរយហើយ៕

ដោយ ហេង ណាលីន