មន្រ្តីក្រសួងហិរញ្ញវត្ថុអះអាងថា ម្ចាស់សហគ្រាសទាំងអស់ចំាំបាច់ត្រូវយល់ដឹងពី ច្បាប់ស្តីពី “គណនេយ្យ និងសវនកម្ម”

AKP សៀមរាប ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ — ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី“ កាតព្វកិច្ចគណនេយ្យ និងសវនកម្មនិង បច្ចុប្បន្នភាពច្បាប់នៃសារពើពន្ធ សម្រាប់សហគ្រាសអ្នកជាប់ពន្ធនៅខេត្តសៀមរាបនាព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៊ូ ថារិន អគ្គលេខាធិការក្រុមប្រឹក្សាជាតិគណ នេយ្យ បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានក្រុមប្រឹក្សាជាតិ គណនេយ្យ ជាសេនាធិការនៅថ្ងៃនេះ បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ រៀបចំ សិក្ខាសាលានេះឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណ​នេយ្យ និងសវនកម្មនៅកម្ពុជា ដល់សហគ្រាស ដើម្បីឈ្វេង យល់អំពីសារៈប្រយោជន៍ និងកាតព្វកិច្ចនានាដែលសហគ្រាសត្រូវអនុវត្តន៍ ក្នុងនោះរួមមាន៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកាតព្វកិច្ចដាក់ របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មជាដើម។

សហគ្រាសដែលបានអនុវត្តកាតព្វកិច្ចទាំងនេះបានត្រឹមត្រូវ នឹងទទួល​បានសារៈ ប្រយោជន៍យ៉ាងច្រើនដូចជា តម្លាភាពនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុ, ភាពងាយស្រួល ក្នុងការទទួលបានឥណទានពី​ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ, ការស្វែងរកដៃគូ វិនិយោគពី បរទេស និងការចៀសផុតពីការពិន័យពីស្ថាប័នមានសមត្ថកិច្ចជាដើម។

ឯកឧត្តមបានបន្តថា ច្បាប់ស្តីពី “គណនេយ្យ និងសវនកម្ម” មានចំណុចជាឧត្តម ប្រយោជន៍ និងគុណសម្បត្តិជាច្រើនដូចជា៖ ១-បង្កើនតម្លាភាព និងសុក្រឹតភាពនៃឯកសារ គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស ដែលអាចបង្កើននូវជំនឿទុកចិត្ត របស់សាធារណជនលើសហគ្រាស ក៏ដូចជា​ទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុកនិងបរទេស, ២- ជំរុញគណនេយ្យភាព និងអភិបាលកិច្ចល្អនៃសហគ្រាស, ៣- បង្កើនគុណភាព និងសមត្ថភាពធនធានមនុស្ស ជាគណនេយ្យករ និងសវនករ និងលើក​កម្ពស់វិជ្ជាជីវៈ គណនេយ្យ និងសវនកម្ម, ៤-ជំរុញបន្ថែម និងទ្រទ្រង់និរន្តរភាព នៃទីផ្សារមូលធនព្រមទាំងបង្ក​លក្ខណៈឱ្យសហគ្រាសធុនតូច និងមធ្យមមានលទ្ធភាពចូលរួម ក្នុងទីផ្សារមូលធន, ៥- ជួយទ្រទ្រង់នូវលទ្ធភាព​ក្នុង​ការទទួលបានឥណទាន, ៦-លើកកម្ពស់​ប្រសិទ្ធភាព នៃការប្រមូលពន្ធជូនរដ្ឋ, ៧- បង្កើតការងារជូនប្រជាពលរដ្ឋ និង៨- ជាមូលដ្ឋានព័ត៌មាន ហិរញ្ញវត្ថុតែមួយគត់ក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដើម្បីប្រកាសពន្ធ។

ឯកឧត្តមបានស្នើដល់អង្គសិក្ខាសាលាទាំងមូល ឱ្យមានការយកចិត្តទុកដាក់ស្តាប់ការ ធ្វើបទបង្ហាញរបស់វាគ្មិនទៅតាមប្រធានបទនីមួយៗ​ និងសូមលើកជាសំណួរ ឬមតិយោបល់ ពាក់ព័ន្ធផ្សេងៗជូនវាគ្មិន ដើម្បីធ្វើការបកស្រាយឱ្យបានច្បាស់លាស់ចៀសវាងការអនុវត្តខុស ដែលនាំឱ្យមានការពិន័យ និងការដាក់ទណ្ឌកម្មផ្សេងៗ៕

ដោយ ឃុត សៅ