អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសទាត់ចោលចំពោះការចុះផ្សាយរបស់កាសែតអាម៉េរិកថា ​​កម្ពុជាបើកភ្លើងខៀវឱ្យមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩​ — ចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំ ពាក្យក្រសួងការពារជាតិ បានប្រកាសទាត់ចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន អាម៉េរិកដែលថា កម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយភាគីចិន ដើម្បីបើកផ្លូវឱ្យចិន​ប្រើ​ប្រាស់ឈូងសមុទ្រកម្ពុជាធ្វើជាមូលដ្ឋានកងទ័ពរបស់ខ្លួន។

ក្នុងសន្និសីទសារព័ត៌មានស្តីពីព័ត៌មានក្លែងក្លាយ អន្តរាយដល់សន្តិសុខជាតិ កាលពី ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្ដម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកការចុះផ្សាយរបស់សារព័ត៌មានបរទេស ខាងលើនេះថាជាការចុះផ្សាយបែបញុះញង់ បំបែកបំបាក់ គ្មានវិជ្ជាជីវៈសារព័ត៌មាន ដែលធ្វើ​ឱ្យបាត់នូវកិត្យានុភាព ឯករាជ្យភាព បូរណភាពទឹកដីកម្ពុជា។ ឯកឧត្ដម​នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវការវត្តមានកងទ័ពបរទេសណាមួយមក​នៅលើកម្ពុជានោះទេ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងការពារជាតិមាតុភូមិ ការពារប្រជាជន និងការអភិវឌ្ឍ​របស់កម្ពុជា។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាមិនដែលមានកិច្ច​ព្រមព្រៀងជាមួយបរទេសណាមួយដូចការចុះផ្សាយរបស់កាសែតរបស់អាមេរិកនោះដែរ៕

ដោយ ចាន់ សុធីវង្ស