រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួង មហាផ្ទៃ ស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍលើគ្រប់វិស័យ នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ — នៅសាលាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ១២១៥សជណ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យនៅខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម អ៊ុត សំអន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥​ ខែកក្កដា​  ឆ្នាំ​២០១៩។

តាមសេចក្តីជូនដំណឹងលេខ១២១៥សជណ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណ និងការអភិវឌ្ឍលើគ្រប់វិស័យនៅខេត្តព្រះសីហនុ ដើម្បី គាំទ្រ ការអនុវត្កកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលសម្រេចបន្តចាត់តាំង ក្រុមការងារថ្នាក់ជាតិ ដើម្បីចុះបំពេញបេសកកម្មតាមមូលដ្ឋានរាជធានី ខេត្ត សំដៅបន្តអនុវត្តន៍កម្មវិធីនយោបាយខាងលើប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋានទូទាំងប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសបង្កើនល្បឿនកំណែទម្រង់ អភិបាលកិច្ចល្អ ជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ផ្តល់កាលានុភាពក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ជម្រាបជូនពី សភាពការណ៍ សន្តិសុខ សុវត្ថិភាពក្នុងក្រុងព្រះសីហនុ រដ្ឋបាលខេត្តបង្កើតក្រុមការងារចម្រុះ ចុះល្បាតជាប្រចាំនៅពេលយប់ តាមចំណុចគោលដៅដែលមានភាពស្មុគស្មាញមួយចំនួន ក្នុងក្រុងព្រះសីហនុ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសនានា ដែលកើតមានឡើងបាន ទាន់ពេលវេលាក្នុងភូមិសាស្ត្រ ធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ ពិសេសបន្តរឹតបន្តឹងលុបបំបាត់ ការប្រើប្រាស់គ្រឿង ញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងសប្បាយនានា ល្បែងស៊ីសងគ្រប់ ប្រភេទនៅតាមមូលដ្ឋាន និងចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ដោយ ងូ សុមុនី