ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួប សម្តែងការគួរសម និងជម្រាបលា រដ្ឋមន្ត្រីក្រសួងកសិកម្ម

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបានបញ្ចប់បេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងណែនាំលោក Wu Guoquan ដែលនឹងមកបំពេញភារកិច្ចជំនួសលោកវិញ។

ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានស្វាគមន៍ និងផ្តាំផ្ញើជូនប្រជាជន និងរដ្ឋាភិបាលចិន អរគុណជាអនេក ចំពោះការជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន និងជាពិសេសតាមរយ:គោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួ យរបស់រដ្ឋាភិបាលចិនបានជួយឧបត្ថម្ភ គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗ ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលក្នុងនោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារចិនដល់ទៅ ៤០ម៉ឺនតោន ហើយថ្មីៗនេះបានអនុញ្ញាតឱ្យកម្ពុជា នាំចេញចេកអំបូងលឿងឆ្ពោះដោយត្រង់ទៅកាន់ទីផ្សារចិនផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យភាគីចិន សហការជាមួយក្រសួង និងគ្រប់ភាគីពាក់ព័ន្ធពិនិត្យ និងជំរុញចំពោះការនាំចេញផលិតផលពោតពីកម្ពុជា។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា តាមរយ:ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិ  បត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជន និងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀតដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកលី អាន បានសម្តែងនូវអំណរគុណ ចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យលោក និងក្រុមការងារចូលជួបនាពេលនេះ និងជាពិសេសចំពោះកិច្ចសហការយ៉ាងល្អប្រសើរដែលឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានផ្តល់ឱ្យលោក ក្នុងឱកាសដែលលោកបំពេញបេសកកម្មនាពេលកន្លងមក។ លោកក៏សាទរចំពោះការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិន ហើយបានបញ្ជាក់ថា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន។ ក្រៅពីនេះ ការសិក្សាអំពីនីតិវិធីច្បាប់ និងបច្ចេកទេសដើម្បីធ្វើការនាំចេញផ្លែស្វាយ និងផ្លែមានទៅកាន់ទីផ្សារចិន គឺភាគីទាំងពីរបាននិងកំពុងចរចាយ៉ាងសកម្ម ហើយសង្ឃឹមថា នឹងអាចចាប់ផ្តើមធ្វើការនាំចេញកសិផលទាំងនោះ ក្នុងពេលឆាប់ៗខាងមុខនេះ។

ចំពោះផ្លែស្រកានាគ ម្រេច និងទឹកមាត់ត្រចៀកកាំ គឺកំពុងរៀបចំឯកសារបច្ចេកទេស និងត្រៀមធ្វើការចរចា។ លោក លីអាន សង្ឃឹម និងជឿជាក់ថា កិច្ចសហការនេះនឹងត្រូវបន្តបង្កើន និងពង្រឹងបន្ថែមទៀត ក្នុងអាណត្តិរបស់លោក Wu Guoquan និងសហការី ដោយភាគីចិនគាំទ្រ និងបន្តផ្តល់ការគាំទ្រដល់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ៕

ដោយ សេង សុវណ្ណនី (ប្រភពពីក្រសួងកសិកម្ម)