ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​ចុះត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ​៧​

AKP ភ្នំពេញ ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យ​ដឹងថា​ កាលពី​ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងធ្វើយុទ្ធនាការ​ជិះកង់​ ដើម្បី​អញ្ជើញចុះត្រួតពិនិត្យស្ថានភាពគុណភាព និងលក្ខណៈបច្ចេកទេសនៃការសាងសង់កំណាត់ផ្លូវជាតិលេខ ៧ ។​

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញជិះកង់នៅខេត្តត្បូងឃ្មុំ ស្ថិ​តនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៦ – ១៦៦ ក្នុងចម្ងាយផ្លូវ ១០គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៧ ដើម្បីពិនិត្យគុណភាព និងស្ថានភាពផ្លូវ ស្ថិត​ក្រោមគម្រោងRAMP II ដែលកំពុងដំណើរការស្ថាបនាឡើងវិញ ដោយពង្រីកពី ៧ម៉ែត្រទៅ ១១ម៉ែត្រ ក្រាលបេតុងកៅស៊ូ ១០ម៉ែត្រ។

ជាមួយគ្នានេះដែរ ឯកឧត្តម​បានគូសបញ្ជាក់ថា​ យុទ្ធនាការជិះកង់នេះធ្លាប់ត្រូវបានធ្វើជាច្រើនលើកមកហើយ​ ដើម្បី​ពិនិត្យ​ឱ្យឃើញជាក់ស្តែងនូវផ្លូវមានជង្ហុកសម្បុកមាន់ ផ្លូវមានទឹកដក់ ស្រកានាគ និងបញ្ហាផ្សេងៗ ។ សកម្មភាពនេះគឺជាគំរូសម្រាប់មន្ត្រីអនុវត្តន៍គម្រោង និងថ្នាក់ដឹកនាំត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យគុណភាពផងដែរ។​

សូមបញ្ជាក់ថា​ ផ្លូវនេះមានប្រវែងសរុបចំនួន ៤៦០,៨៣០គីឡូម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC) ចាប់ពីស្គន់ ផ្លូវជាតិលេខ៦ (PK ៧៥+០០០) ដល់ត្រពាំងគ្រៀល (ព្រំដែនកម្ពុជា – ឡាវ) ក្នុងនោះប្រវែងចំនួន ២៧៥,៥៦០គីឡូម៉ែត្រ ត្រូវបានជួសជុលធ្វើឱ្យប្រសើរឡើងវិញចាប់ពីបង្គោលគីឡូម៉ែត្រលេខ ១៣៦ ដោយប្រើប្រាស់ថវិកាអន្តរជាតិសរុបចំនួន ៦៩,៨២លានដុល្លារអាម៉េរិក ។ ពោលគឺចាប់ពីបង្គោលគីឡូម៉ែត្រលេខ ១៣៦ – ៣០០ ជាគម្រោងRAMP II ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ក្នុងទឹកប្រាក់ចំនួន៣៦,៤៥លានដុល្លារអាម៉េរិក និងចាប់ពីបង្គោលគីឡូម៉ែត្រលេខ៣៣២,១២៥ – ៤២៤,៦៩០ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ចំនួន ៣៣,៣៧ លានដុល្លារអាម៉េរិក៕

ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន