ឯកឧត្តម វេង សាខុន ទទួលជួបអនុរដ្ឋមន្ត្រីទី១នៃក្រសួងឧស្សាហកម្មសាធារណរដ្ឋបេឡារុស

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបគណៈប្រតិភូមកពីសាធារណរដ្ឋបេឡារុស ដឹកនាំដោយឯកឧត្តម Gennady Svidersky អនុរដ្ឋមន្ត្រីទី១ ក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋបេឡារុស ដែលបានផ្គត់ផ្គង់គ្រឿងយន្តកសិកម្មមកប្រជាកសិករកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ចំពោះស្ថានភាពក្នុងវិស័យកសិកម្មបច្ចុប្បន្ន កម្ពុជាបានវិវឌ្ឍន៍ពីការប្រើប្រាស់កម្លាំងអូសទាញដោយគោ ក្របី មកការប្រើប្រាស់គ្រឿងយន្តបានជាង ៩៧ភាគរយ ទៅហើយ។ ដែលនេះគឺជាយន្តការអាទិភាពក្នុងការលើកកម្ពស់ទំនើបកម្មកសិកម្ម និង  យន្តុពាណិជ្ជកម្មកសិកម្ម នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួង។ ការវិវឌ្ឍន៍រីកចម្រើននៃការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មនេះ បានបង្កើនការប្រកួតប្រជែងជាខ្លាំង រវាងក្រុមហ៊ុនដែលផលិតគ្រឿងយន្ត ហើយទាមទារឱ្យមានការដាក់ចេញនូវបច្ចេកវិទ្យាថ្មីទំនើបជាបន្តបន្ទាប់ ដែលត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដល់ភាគីបេឡារុសថា គួរពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់គ្រឿងយន្ត ដែលមានបច្ចេកវិទ្យាខ្ពស់សម្រាប់ប្រមូលផល និងក្រោយប្រមូលផល ធ្វើយ៉ាងណាបង្កើនភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ និងភាពប្រកួតប្រជែងដល់ប្រជាកសិករ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មិនផ្តោតទៅលើតែការផ្គត់ផ្គង់គ្រឿងយន្តកសិកម្មមកកម្ពុជានោះទេ ដោយស្នើឱ្យភាគីបេឡារុសពិនិត្យលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្ម វិនិយោគលើការកែច្នៃ និងនាំចេញផលិតផលកសិកម្មកម្ពុជាទៅបរទេស។

ជាការឆ្លើយតប ឯកឧត្តម Svidersky បានឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ដោយឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងបេឡារុស ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០១៩នៅខេត្តសៀមរាប នឹងផ្តល់ឱកាសនិងផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យតាមគោលដៅរំពឹងទុក ជាពិសេសលើវិស័យកសិកម្មនេះតែម្តង។

ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្ម ឯកឧត្តម Svidersky ក៏បានជម្រាបជូនថា ឯកឧត្តមគោរពអញ្ជើញ និងស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូដែលមានមន្ត្រីជំនាញ និងវិស័យឯកជនទៅបំញេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាឈ្វេងយល់បន្ថែមពីការគ្រប់គ្រង អភិវឌ្ឍន៍ខ្សែចង្វាក់ផលិតកម្ម និងការកែច្នៃផលិតផលកសិកម្មនៅសាធារណរដ្ឋបេឡារុស នាពេលឆាប់ៗខាងមុខនេះ៕

ដោយ សេង សុវណ្ណនី (ប្រភពពីក្រសួងកសិកម្ម)