អាជ្ញាធរជាតិអប្សរាសាងសង់ស្ពានបេតុង និងទ្វារទឹកមួយកន្លែងជូនអ្នកភូមិនគរក្រៅ

AKP សៀមរាប ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ -ស្ពានបេតុង និងទ្វារទឹកមួយកន្លែងស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាបត្រូវបានអាជ្ញាធរជាតិអប្សរាបើកការដ្ឋានសង់កាលពីថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ដែលការបើកការដ្ឋានសង់សង់ស្ពានបេតុង និងទ្វារទឹក​នេះត្រូវបានរំពឹងថា នឹងជួយសម្រួលដល់ការរស់នៅ និងបង្កបង្កើនផលដំណាំដល់អ្នកភូមិនគរក្រៅ ប្រមាណជាង៣០០គ្រួសារ។ ស្ពានបេតុងដែលជាចំណងដៃថ្មីរបស់អាជ្ញាធរជាតិអប្សរានេះ មានប្រវែង ៣១ម៉ែត្រ ទទឹង៣,៥ម៉ែត្រ និងកម្ពស់៤ម៉ែត្រ ដែលសាងសង់លើអូរខ្លូត។ ឯចំណែកទ្វារទឹកវិញមានប្រវែង១០ម៉ែត្រ ទទឹង៣,៥ម៉ែត្រ ស្ថិតនៅច្រកបញ្ចេញទឹកទន្លេស្ងួត។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋាននោះថា កាលពីឆ្នាំ២០១៣ អ្នកភូមិនគរក្រៅ ធ្លាប់ជន់លិចដោយ សារជំនន់ទឹកភ្លៀង ដោយមើលឃើញពីទុក្ខលំបាកបែបនេះ នៅក្នុងឆ្នាំ២០១៤ អាជ្ញាធរជាតិអប្សរា បានស្ដារ និងសាងសង់ប្រព័ន្ធធារាសាស្រ្ដមួយចំនួនក្នុងភូមិសាស្រ្ដនេះ ទើបចាប់ពីពេលនោះមកពុំមានទឹកជំនន់ជន់លិចទៀតឡើយ។

​ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងចូលរួមអបអរសាទរចំពោះសមិទ្ធផលរបស់អ្នកភូមិនគរក្រៅ ដែលទទួលបាននៅពេលនេះ ។ ឯកឧត្តមបានរម្លឹកពីការងារមួយចំនួនរបស់អាជ្ញាធរជាតិអប្សរាក្នុងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ដូចជាការងារស្នូលសំខាន់ៗដើម្បីលើកកម្ពស់ដល់ការរស់នៅរបស់អ្នកស្រុកអង្គរ ដូចជាការងារសង់ទ្វារទឹក ស្ពាន ផ្លូវ និងស្ដារប្រព័ន្ធធារាសាស្រ្ដ    ផ្សេងៗ ។ ជាមួយនឹងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាកំពុងសាងសង់ជូនដល់អ្នកភូមិនគរក្រៅ នៅពេលនេះ វានឹងចូលរួមបម្រើផលប្រយោជន៍យ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសបញ្ចៀសពីហានិភ័យផ្សេងៗ ដែលកើតឡើងពីការជន់លិចនារដូវវស្សា ក៏ដូចជាជួយស្ទាក់ទឹកទុកសម្រាប់បង្កបង្កើនផលដំណាំរបស់បងប្អូននៅទីនេះផងដែរ ៕

ដោយ ហង្ស សៀក