អភិបាលខេត្ត ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​ រួមគ្នា​លុបបំបាត់​គ្រឿងញៀន​

AKP កំពង់ចាម ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ — យើងរួមគ្នាលុបបំបាត់គ្រឿងញៀន ដើម្បីសុខភាព និងអនាគតភ្លឺថ្លា សូមបដិសេធ​ចំពោះ​គ្រឿងញៀន​ និងចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន និងសុខសន្តិភាព ​សុវត្ថិភាព​ភូមិ​ ឃុំរបស់យើង នេះជាការលើកឡើងរបស់ ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ​និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ គ្រឿនញៀនខេត្តកំពង់ចាម។

ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ ប្រឆាំង​គ្រឿងញៀន​ ថ្ងៃ​ទី​២៦​ ខែមិថុនា ​​ក្រោម​ប្រធានបទ​”សុខភាព​ដើម្បី​យុត្តិធម៌​ យុត្តិធម៌​ដើម្បី​សុខភាព​” និងមានការដុតបំផ្លាញគ្រឿង ញៀនគ្រប់ ប្រភេទប្រមាណជាង ៧៨១ក្រាម នាព្រឹក​ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំច ឯកស័ក ពស២៥៦៣ ត្រូវនឹងទី​២៤ ខែកក្កដា​​ ឆ្នាំ​២០១៩នេះ​ ​នៅបរិវេណច្រមុះជ្រូកតាម បណ្តោយ ផ្លូវជាតិលេខ៦ ស្ថិត​នៅ​ក្នុង​ភូមិ​ប៉ាណា​ ​​ឃុំ​សូទិព្វ​​ ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម​ ​ ដោយ​មាន​ការ​ ​​ចូលរួម​ពី​ មន្ត្រី​រាជការ​ មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​​ កង​កម្លាំង​ប្រដាប់​អាវុធ​​ និង​លោក​គ្រូ​ អ្នកគ្រូ​ ប្អូនៗ​​សិស្សានុសិស្ស​ជាច្រើន នាក់ផង​ដែរ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម​ អ៊ុន​ ចាន់ដា​​ អភិបាល​ខេត្ត​កំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កំពង់ចាម​​​ បាន​ឡើង​​​អាន​សា​រលិខិត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ក្នុង​អង្គពិធី​ ដោយ​​បាន​លើកឡើង​អំពី​ផល​ប៉ះពាល់​ នៃ​គ្រឿងញៀន​ ព្រមទាំង​បានអំពាវនាវដល់ប្រពលរដ្ឋ​ជាពិសេសយុវវ័យ​គ្រប់​រូប​ត្រូវ​ជៀសឱ្យ​ឆ្ងាយ​ពីគ្រឿងញៀន​ ព្រោះគ្រឿងញៀនបានធ្វើឱ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ​ បាត់បង់​កិត្តិយស​ ស្មារតី​សុខភាព ពិសេសអនាគតរបស់ខ្លួន​ ដូច្នេះ​សុំកុំយកខ្លួនបៀតជា មួយសារធាតុញៀន​ និងធ្វើការផ្តល់ព័ត៌មានពី សកម្មភាពដែលមានការប្រើប្រាស់គ្រឿងញៀន​ ហើយបើអ្នកមានបំណង​ចង់​ព្យាបាល​ផ្តាច់​សារធាតុ​ញៀន​ សូមនាំពួកគេទៅកាន់មន្ទីរពេទ្យ​ ឬ​នៅតាមមណ្ឌល​សុខភាព​ ដែលមានថ្នាំបន្សាបផ្តាច់សារធាតុញៀន ដោយឥតគិតថ្លៃ ​ ក្នុង​មូលដ្ឋានក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ និង​ប្អូនៗ​សិស្សានុសិស្ស​ ពិសេសយុវវ័យ​គ្រប់​រូប​ត្រូវ​ជៀសឱ្យ​ឆ្ងាយ​ពីគ្រឿងញៀន ចូលរួមទប់ស្កាត់ និងលុបបំបាត់ គ្រឿងញៀននៅតាមសហគមន៍ និងក្នុងមូលដ្ឋានរបស់ខ្លួមហើយនិង​ផ្តល់​កិច្ច​សហការ ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស​សុំ​ឱ្យ​ថ្នាក់​ដឹក​នាំ​ គ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋាន​ ក្រុម​ព្រឹក្សា​ឃុំ​ សង្កាត់​ទាំងអស់​ ត្រូវ​ចូលរួមសហការណ៍​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ណ៍​ ទប់ស្កាត់​ និងបង្ក្រាប​គ្រឿងញៀន​ ដើម្បី​សេចក្តីសុខ​ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចដើម្បីអនាគតកូនចៅរបស់យើង​​ផងដែរ​។ ក្នុង​ការ​ស្រាយ​ចម្ងល់​ចំពោះ​ប្រជាពលរដ្ឋ​ គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាននាពេលកន្លងមក​​​សរុបចំនួន​ ៧៨១.៦៧ ក្រាម​ ​ ក៏​បានធ្វើការ​ដុត​កម្ទេច​បំផ្លាញ​ចោល​ថ្នាំ​ញៀន​នៅកន្លែង​ប្រារព្ធ​ពិធី​នេះតែម្តង​៕

ដោយ ឆាយ ម៉ុត