ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិកា និងស្រ្តីមេម៉ាយ នៅឃុំបាក់ស្នា បានទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ​– ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបនូវការលំបាកខ្វះខាត ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ អមដំណើរដោយសមាជិក សមាជិកា អនុសាខាស្រុក និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌មួយចំនួនផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ និងស្ត្រីមេម៉ាយ គ្មានទីពឹងចំនួន៧៤គ្រួសារនៅឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

 

ឯកឧត្តម សុខ លូ បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុក ដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជន ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា ជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំ សុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ជៀសវាងការកើត មាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដែលបានកើតមាននៅក្នុងខេត្ត ក៏ដូចជានៅទូទាំង ប្រទេស ម្យ៉ាងទៀតត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីលើកស្ទួយជីវ ភាពរស់នៅឱ្យមានលក្ខណៈសមរម្យ។

ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចៀសឱ្យឆ្ងាយ ពីគ្រឿងញៀន ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយយថាហេតុ។

អំណោយដែលយកមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិកា ស្ត្រីមេម៉ាយនាពេលនោះ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម ភួយ១ សារុង១ និងធុងចម្រោះទឹកចំនួន១៕

ដោយ ស៊ុម វណ្ណា