លោកជំទាវឯកអគ្គរដ្ឋទូតអូស្រ្តាលី ចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តព្រះសហនុ

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ — លោក ជំទាវ អេនជីឡា ខូខូរាន (Angela Corcoran)  ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

លោក ជំទាវ អេនជីឡា ខូខូរាន  ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា លោកជំទាវបានមកខេត្តព្រះសីហនុចំនួនបីដង ក៏ប៉ុន្តែការមកលើកនេះ មានការប្រែប្រួលយ៉ាងខ្លាំង និងជាឱកាសល្អ ដែលខេត្តព្រះសីហនុបានធ្វើបច្ចុប្បន្នភាព ក្នុងការពង្រីកវិសាលភាពអភិវឌ្ឍន៍ ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន លោកជំទាវក៏ចង់ដឹង ពីការប្រឈម និងចំណុចអាទិភាពរបស់ខេត្ត និងការអភិវឌ្ឍថ្មី លើគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ការទុកដាក់សំរាមឱ្យមាននិរន្តរភាព។ ក្នុងនាមស្ថានទូត និងប្រទេសអូស្ត្រាលី សូមចូលរួមរំលែកទុកចំពោះប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារការរំលំបាក់ អគារនៅខេត្តព្រះសីហនុ កាលពីខែមិថុនាកន្លងមកថ្មីៗនេះ។

លោកជំទាវបានបញ្ជាក់ថា ដោយមើលឃើញខេត្តព្រះសីហនុ មានការរីកចម្រើន លើវិស័យសំណង់ ពិសេសស្តង់ដារគុណភាពសំណង់កន្លងងមក លោកជំទាវក៏បានជួប ឯកឧត្តម ជា សុផារ៉ា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដី ស្នើសុំពង្រឹងគុណភាពសំណង់ ដោយយល់ព្រមបង្កើតកម្មវិធីរួមជួយ ផ្នែកបច្ចេក ទេសដល់ក្រសួងដែនដី និងអាជ្ញាធរខេត្ត ហើយយើងនឹងដំណើរការ សាកល្បងមុនគេ នៅខេត្តព្រះសីហនុ។ ប្រទេសទេសអូស្ត្រាលី និងកម្ពុជាមានទំនាក់ទំនង ៦៥ឆ្នាំ ប្រទេស អូស្ត្រាលីមានកិច្ចសហប្រតិបត្តិការជួយអភិវឌ្ឍន៍ផ្នែកសន្តិសុខក្នុងតំបន់ វិស័យការពារជាតិ ពាណិជ្ជកម្ម ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច មានទាំងហេដ្ឋារចនាសម្ព័ន្ធ ដោះមីន ហើយកម្មវិធី ទាំងនេះមានក្នុងខេត្តព្រះសីហនុផងដែរ។ មានគម្រោងសមធម៌ សុខាភិ បាលដល់មន្ទីរ ពេទ្យខេត្ត ជួយក្រសួងផែនការ ក្នុងការកំណត់អត្តសញ្ញាណកម្ម ជួយប្រជាពលរដ្ឋក្រីក្រ និងបានផ្តល់អាហារូបករណ៍ដល់និស្សិត ផ្តល់ជំនួយដល់អង្គការនៅ ខេត្តព្រះសីហនុ (អង្គការម្លប់តាប៉ាង) លុបបំបាត់ជំងឺផ្សេងៗ និងគម្រោងមួយទៀត ជួយកុមារ ពីការរំលោភ បំពាន និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។ កិច្ចសហប្រតិបត្តិការរបស់ សហព័ន្ធអូស្ត្រាលី លើផ្នែក លិខិតឆ្លងដែន គ្រឿងញៀន ផ្តល់ការហ្វឹកហ្វឺនដល់ប៉ូលិស ជំនួយផ្នែកយោធាគាំទ្រដល់ មូលដ្ឋានកងទ័ពជើងទឹករាម តាមរយៈនាវាឆ្នេរ សង់រោងជាង ថែទាំបច្ចេកទេស អគារសម្ភារ ជួយដល់គណៈកម្មការជាតិសន្តិសុខលំហសមុទ្រ លើផ្នែកព័ត៌មានវិទ្យា ផ្តល់អគារធ្វើការ បណ្តុះបណ្តាលភាសារអង់គ្លេសជាដើម។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណលោកជំទាវ និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមរំលែកទុក នៃការរលំបាក់អគារនៅខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីបញ្ហាប្រឈមមានដូចជា ផ្លូវថ្នល់ លូទឹកកខ្វក់ និងអនាម័យ បរិស្ថាន (សំរាម) បច្ចុប្បន្នខេត្តព្រះសីហនុមានការប្រែមុខមាត់ ទៅជាខេត្តពាណិជ្ជកម្ម ដឹកជញ្ជូន កាស៊ីណូ និងទេសចរណ៍ ដែលតម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ។ ដោយសារ តែការអភិវឌ្ឍយ៉ាងគំហុក បង្កឱ្យខូចខាតផ្លូវថ្នល់ និងគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលខេត្តបានកៀរគរគ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនចូលរួមកែលម្អបរិស្ថាន និងសោភណភាព ដោយសារតែកំណើនប្រជាពលរដ្ឋមានការកើនឡើង មកពីបណ្តាខេត្ត នានាក្នុងព្រះរាជាណាចក្រកម្ពុជា មករកស៊ីទទួលទានតាមសមត្ថ ភាពនៅខេត្តព្រះសីហនុ ម្យ៉ាងទៀតក្រោយពេលសំណង់ត្រូវបានសាងសង់រួច ខេត្តព្រះសីហនុកាន់ត្រូវការកម្លាំង ពលកម្មកាន់តែច្រើនបន្ថែមទៀត ហើយបញ្ហាទឹកកខ្វក់ បរិស្ថានមានបញ្ហាប្រឈម  ចាប់ពីពេលនេះ រហូតទៅអនាគតការគ្រប់គ្រងទឹកកខ្វក់តាមបច្ចេកទេស។ ខេត្តមាន ដំណោះស្រាយដោយចែកលូទឹកភ្លៀង និងទឹកកខ្វក់ផ្សេងគ្នា ត្រូវសាង សង់អាង ប្រព្រឹត្តិកម្មសាធារណៈ និងវិស័យឯកជនត្រូវចូលរួមជាមួយរដ្ឋបាលខេត្ត ក្រុង។ ធនាគារ ADB មានគម្រោង ជួយលូទឹកភ្លៀង ដើម្បីកាត់បន្ថយទឹកកខ្វក់នៅក្នុងក្រុងផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាប ជូនបន្តថា តាមលំហូរចូលប្រជា ពលរដ្ឋយ៉ាងច្រើន ធ្វើឱ្យមានសំណង់កាន់តែច្រើន និងកើតមានបញ្ហាប្រឈមក្រុងព្រះសីហនុ ចំណែកប្រាក់ឈ្នួលមានការកើនឡើង គ្រាន់តែកម្មករប្រមូលសំរាមម្នាក់ក្នុងមួយខែទទួលបាន ប្រាក់ខែ ៣០០ដុល្លារ និងអ្នកបើកបររថយន្តដឹកសំរាម បាន៤០០ដុល្លារ។

ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាមបង្កើនរថយន្ត និងកម្មករបន្ថែមទៀត ក្នុងការប្រមូលសំរាមចេញបានទាន់ពេលវេលា។ ម្យ៉ាងទៀតដោយសារការយក ចិតទុកដាក់ ពីថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងការកៀរគរវិនិយោគិនមកកាន់ខេត្តព្រះសីហនុ កាន់តែច្រើន ទន្ទឹមនឹងការរីកចម្រើនក៏មានផលប៉ះពាល់មួយចំនួន ក៏ប៉ុន្តែប្រជាពលរដ្ឋទទួលបានផលផ្លែផ្កា ពីការវិនិយោគនេះ តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មិនប្រកាន់និន្នាការនយោបាយ មិនថា ចិន អាម៉េរិក បារាំង ឬប្រទេសណានោះទេ កម្ពុជានឹងស្វាគមន៍ទទួលយកអ្នកវិនិយោគ និងទេសចរណ៍មកពីគ្រប់ទិសទីមកកាន់ខេត្តព្រះសីហនុ ក៏ប៉ុន្តែអ្នកវិនិយោគ និងអ្នកទេសចរត្រូវតែគោរពច្បាប់កម្ពុជា៕

ដោយ ងូ សុមុនី