ព្រឹទ្ធសភានឹងធ្វើការជ្រើសតាំងសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមួយរូប

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ — ព្រឹទ្ធសភានឹងធ្វើការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម០១រូប។ នេះ បើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីជំនួសឯកឧត្តម អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។

សេចក្តីជូនដំណឹងដដែលបានជម្រាបជូនថា ឥស្សរជនជាអតីតចៅក្រម ឬអតីត ព្រះរាជអាជ្ញា ឬឥស្សរជន ដែលមានបទពិសោធន៍ការងារយ៉ាងតិច ១៥ឆ្នាំឡើងទៅ ក្នុង វិស័យច្បាប់ ឬតុលាការ ដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម​នេះ៖ -ត្រូវមានពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម០១ច្បាប់, -ជីវប្រវត្តិសង្ខេប០១ច្បាប់, -មានលិខិតបញ្ជាក់ថា មានសញ្ជាតិខ្មែរពី កំណើត០១ច្បាប់, -មានលិខិតបញ្ជាក់ថា មានបទពិសោធន៍ការងារក្នុងវិស័យច្បាប់ ឬតុលាការ យ៉ាងតិច១៥ឆ្នាំ ០១ច្បាប់, -មានលិខិតបញ្ជាក់ពីសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំពី ស្ថាប័នសាមី ០១ច្បាប់, -មានសញ្ញាបត្រ ឬលិខិតបញ្ជាក់ថា ពិតជាបានប្រឡង ជាប់ឧត្តមសិក្សា ០១ច្បាប់, -មានលិខិតថ្កោលទោស ០១ច្បាប់, -មានរូបថត (៤x៦) ថតចំពីមុខ ហើយគ្មានពាក់វែនតា ៣សន្លឹក។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានឹងធ្វើការ ទទួលពាក្យសុំឈរ ឈ្មោះជាបេក្ខជន នៅ​រៀងរាល់ម៉ោងធ្វើការ នៅអគ្គលេខាធិការដ្ឋានសេវាច្បាប់ និងសមូហ ភាពដែនដី នៃអគ្គ​លេ​ខា​ធិការដ្ឋានព្រឹទ្ធសភា ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

ចំពោះរយៈពេលនៃការទទួលពាក្យសុំត្រូវផុតកំណត់នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៧:៣០នាទីល្ងាច។ ព័ត៌មានផ្សេងៗសូមទំនាក់ទំនងជាមួយអគ្គលេខាធិការ ដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី ឬតាមទូរសព្ទ័លេខ ០១២ ២៥៧ ៧៨៨ ឬ ០១២ ៥០២ ៣ ៨៣៕

ដោយ ប៉ាល់ សុង