រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញការសាទរចំពោះការអនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព នៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បាន​បង្ហាញការសារទរ និងពេញចិត្តជាខ្លាំងចំពោះលទ្ធផលជាបន្តបន្ទាប់នៃការអនុវត្តយុទ្ធនាការ រឹតបន្តឹងការពាក់មួកសុវត្ថិភាពលើអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូទូទាំងប្រទេស។ នេះបើ​តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៩នេះ។សម្តេចក្រឡាហោមបានបញ្ជាក់ថា ចាប់តាំងពីសមត្ថកិច្ចបានអនុវត្តន៍ការរឹតបន្ដឹងការ​ពាក់​មួកសុវត្ថិភាពមក សង្កេតឃើញថា កងកម្លាំងមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ទូទាំងប្រទេស បានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម គួរឱ្យកោតសរសើរ ក្នុងយុទ្ធនា ការអប់រំ និងពង្រឹងការអនុវត្តច្បាប់ ធ្វើយ៉ាងណាឱ្យអ្នកដំណើរតាមម៉ូតូទាំងអស់ ត្រូវតែពាក់​មួក​សុវត្ថិភាពជាដាច់ខាត។ ទន្ទឹមនេះដែរ សម្តេចក្រឡាហោមក៏បានកោតសរសើរ និង​អរគុណ​ប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តន៍យុទ្ធនាការដ៏មានសារៈសំខាន់នេះ ដើម្បីរក្សា សុវត្ថិភាពក្នុងការធ្វើដំណើរ និងសូមអធ្យាស្រ័យចំពោះវិធានការឃាត់ម៉ូតូទុក ដើម្បីតម្រូវ​ឱ្យបងប្អូនទិញ ឬរកមួកសុវត្ថិភាពមកពាក់ ទើបអនុញាតឱ្យបន្តដំណើរ។ សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់សមត្ថកិច្ចនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួម​ក្នុង​យុទ្ធនាការរយៈពេល១ខែនេះ ហើយបន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ សូមបងប្អូនបន្តអនុវត្តន៍​ច្បាប់ចរាចរណ៍ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា។

គួរជម្រាបថា ការអនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពលើអ្នកធ្វើដំណើរ​តាម​មធ្យោបាយម៉ូតូនេះ ត្រូវបានមើលឃើញថា បានអនុវត្តន៍យ៉ាងផុសផុលនៅទូទាំងប្រទេស។ ជាក់ស្តែងសម្រាប់រាជធានីភ្នំពេញសកម្មភាពនេះត្រូវបានគេឃើញថា បានអនុវត្តន៍ទាំងថ្ងៃ និងយប់៕

ដោយ ចាន់ សុធីវង្ស