មន្ត្រី FFC អះអាងថា ព្រឹត្តិការណ៍បាល់ទាត់យុវជន៤ឈុត ឆ្នាំ២០១៩ នឹងកសាងឱ្យកម្ពុជា​មាន​ស្តង់ដារល្អមួយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ -អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ម៉ៃ តុលា បានអះអាង​នៅក្នុង​ឱកាសសិក្ខាសាលាបាល់ទាត់កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ការប្រកួតជ្រើស​រើស​ជើងឯកយុវជន និងនារីចំនួន៤ប្រភេទ ឆ្នាំ២០១៩នេះ នឹងជួយកសាងគុណភាព​បន្ថែម​ទៀត ដើម្បីឈានឆ្ពៅទៅរកស្តង់ដារល្អមួយនៅក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ លោកបញ្ជាក់ថា នេះគឺជាជំហានថ្មីមួយខុសពីឆ្នាំ២០១៧ និង ឆ្នាំ២០១៨ ដោយចំនួនក្រុមចូលរួមកាន់តែ ច្រើនឡើងទាំងខេត្តរាជធានី, សមាគម និងក្លិបមក ពី​លីគកម្រិតកំពូលទៀតផង។ លោកបន្ដថា ក្លិបអាជីពនីមួយៗ ពីលីគកំពូលអាចសម្លឹងឃើញ​យុវជនល្អ ពីតាមបណ្ដាខេត្ត និងសាលាតម្រង់ទិសជាដើម។ លោកបន្ដទៀតថា ប្រសិនបើ​យើង​បន្ត ដើរតាមផែនការនេះ នៅឆ្នាំ២០២៣ កីឡាបាល់ទាត់កម្ពុជានឹងមានស្តង់ដារល្អមួយ។

ចំពោះការប្រកួតជ្រើសរើសជើងឯកយុវជនចំនួន៤ប្រភេទ ដែលមានក្រុមបុរសអាយុ​ក្រោម​១៦​​ឆ្នាំ, ក្រុមបុរសអាយុក្រោម១៨ឆ្នាំ, ក្រុមនារីអាយុក្រោម១៨ឆ្នាំ និងក្រុមឈុតធំនារី ឆ្នាំ២០១៩ គ្រោងនឹងបើកឆាកជាផ្លូវការរួមគ្នានៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា នៅខេត្តកំពង់ធំ។

ការប្រកួតបុរសអាយុក្រោម១៦ឆ្នាំមានចំនួន៥ពូល ពីពូលAដល់ពូលE មាន៣២ក្រុម, យុវជន​អាយុ ក្រោម១៨ឆ្នាំ មាន៣៩ក្រុមចូលរួម ដោយត្រូវបានបែងចែកជា៦ពូល, ឈុត បាល់ទាត់ នារីអាយុក្រោម១៨ឆ្នាំ មានចំនួនពីរពូល។ ពូល A មានកំពង់ធំ, រាជធានីភ្នំពេញ, បឹងកេត, តាកែវ, ត្បូងឃ្មុំ និងកណ្ដាល ខណៈពូល B មានព្រះវិហារ, ពោធិ៍សាត់, ប៉ៃលិន, បាត់ដំបង, រតនគិរី, សៀមរាប, បន្ទាយមានជ័យ។ រីឯក្រុមឈុតធំនារីមាន ១០ក្រុមដូចជា គឺក្រុមខេត្ត​កណ្ដាល, ក្រចេះ, កំពង់ធំ, កំពង់ស្ពឺ, សៀមរាប, ភ្នំពេញក្រោន, រតនគិរី, បន្ទាយមានជ័យ, ស្វាយរៀង និងកំពង់ឆ្នាំង៕

ដោយ ហេង ណាលីន