ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក អញ្ជើញមកដល់កម្ពុជាដើម្បីពិនិត្យការរៀបចំធ្វើ​ជាម្ចាស់ផ្ទះការប្រកួតជើងឯកពិភពលោកឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ -លោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ ពិភពលោកបានអញ្ជើញដល់អាកាស យាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដោយទទួលបានការ ស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងមន្រ្តីសហព័ន្ធកីឡាប៉េតង់ និង​ប៊ូលកម្ពុជា ដើម្បីពិនិត្យការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកប៉េតង់ពិភព​លោក​យុវជន និងយុវនារី នៅចុងឆ្នាំ២០១៩ នេះ។

ឯកឧត្តម ប៊ូ ជុំសេរី បានសម្តែងនូវក្តីរីករាយ ចំពោះវត្តមានរបស់ប្រធានសហព័ន្ធកីឡា​ប៉េតង់ពិភពលោក ដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់​​ផ្ទះ​ព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៩ ពីព្រោះការធ្វើជាម្ចាស់ផ្ទះ​នាពេលនេះជាការលើកមុខលើកមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ដែលសហព័ន្ធអន្តរជាតិ ផ្តល់​សិទ្ធិជូនកម្ពុជា ក្នុងការរៀបចំការប្រកួតកម្រិតពិភពលោកជាលើកដំបូងបែបនេះ។ ឯកឧត្តមបានចាត់ទុកថា នេះគឺជាភារកិច្ចដ៏ធំធេង ដែលគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ រួមទាំងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជាត្រូវខិតខំរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្កា នៅក្នុងកម្រិតពិភពលោកនេះ ។

សូមរម្លឹកថា លោក Claude AZEMA បានអញ្ជើញមកកម្ពុជាចំនួន៣លើកហើយ បន្ទាប់ពីសហព័ន្ធប៉េតង់ពិភពលោកបានសម្រេចចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា​ប៉េតង់ជើងឯកពិភពលោក។ លោក Claude AZEMA នឹងជួបសំណេះសំណាលជាមួយថ្នាក់​ដឹកនាំ​ក្រសួងអប់រំ យុវជន និងកីឡា, ប្រធានសហពន្ធ័កីឡាប៉េតង់ និងប៊ូលកម្ពុជា ដោយ​ឡែកពីគ្នា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងគោលបំណងផ្តោតទៅ លើការ​រៀបចំការ​ប្រកួតកីឡាប៉េតង់យុវជនជ្រើសរើសជើងឯកពិភពលោក នៅកម្ពុជា៕

ដោយ ហេង ណាលីន