រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំងនៅចុងឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ -រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារំាងនៅចុងឆ្នាំ២០១៩នេះ ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខដុមនីយកម្ម ។

នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មធិការរាជធានី ខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធ កាលពីរសៀលថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួច រាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដែលនឹងមានសមាជិកចូលរួមជាង ១០០ទីក្រុង ដើម្បីជជែកពិភាក្សា និងចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានបន្តថា ការរៀបចំមហាសន្និបាតនេះគឺជាមោទនភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដែលមានលទ្ធភាពទទួលស្វាគមន៍គណៈប្រតិភូជាច្រើនប្រទេសមកប្រជុំនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ហើយបានបង្ហាញពីកក្តាសុខសន្តិភាពពេញបរិបូរណ៍ទៅដល់អន្តរជាតិផងដែរ។

ឯកឧត្ដមបានមានប្រសាសន៍បន្តទៀតថា កិច្ចការងារនេះយើងបានរៀបចំសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល និងជម្រាបជូនទៅក្រសួងពាក់ព័ន្ធ គណៈរដ្ឋមន្រ្តី ព្រមទាំងខេត្តចំនួន៣ទៀតមាន ខេត្តសៀមរាប បាត់ដំបង និងខេត្តកំពត ដែលជាទីក្រុងនិយាយភាសាបារំាងដែរ ។ ដូច្នេះកិច្ចការងារនេះយើងបានរៀបចំបានច្រើន ហើយកិច្ចការចម្បងរបស់យើងគឺការទទួលភ្ញៀវមកពីទីក្រុងផ្សេងៗ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ហើយភ្ញៀវទាំងនេះនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដែលយើងត្រូវធ្វើការរៀបចំ បដិសណ្ឋារកិច្ចឱ្យបានល្អ។

ឯកឧត្ដម នួន ផារ័ត អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងដែរថា សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនេះ បានផ្តោតសំខាន់លើប្រធានបទខួប ៤០ឆ្នាំ នៃការបង្កើតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាង និងខួប៤០ឆ្នាំ នៃការរំដោះរាជធានីភ្នំពេញចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ តាម រយៈនៃការកំណត់យកប្រធានបទនេះ គឺបានបង្ហាញនូវអ្វីដែលជាភាពអច្ឆរិយៈរបស់រាជធានីភ្នំពេញ ដែលចាប់ផ្តើមពីទីក្រុងខ្មោច ហើយក្លាយទៅជាទីក្រុងដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញគឺជាទីក្រុងនាំមុខនៅតំបន់អាស៊ី ដោយសារតែរាជធានីភ្នំពេញ មានការិយាល័យអចិន្ត្រៃយ៍តែមួយគត់នៅក្នុងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាង ខណៈមានការិយាល័យអចិន្ត្រៃយ៍ ២ផ្សេងទៀតនៅតំបន់អាហ្វ្រិក និងអ៊ឺរ៉ុប ៕

ដោយសួស សំរិត