អភិបាលខេត្តបន្ទាយមានជ័យស្នើស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាជួយជំរុញ​វិនិយោគិន អាម៉េរិកមកទឹកដីរបស់ខ្លួនឱ្យបានច្រើន

AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ -អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម​ អ៊ុំ រាត្រី បានស្នើឱ្យ​ឯកឧត្តមMichael A.Newbill ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចសិក្សាឈ្វេង យល់ពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការរស់នៅរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់​​ខេត្តបន្ទាយមានជ័យ ឱ្យជួយជំរុញវិនិយោគិនអាម៉េរិកមកធ្វើការវិយោគឱ្យបានច្រើននៅលើ ទឹកដីខេត្តបន្ទាយមានជ័យ។

ការថ្លែងបែបនេះកាលពីថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវ នឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែល​ឯកឧត្តម អ៊ុំ រាត្រី បាន​ទទួលជួបពិភាក្សា ការងារជាមួយប្រតិភូស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចសិក្សា នៅក្នុងខេត្តបន្ទាយមានជ័យនេះ។

ឯកឧត្តមបានថ្លែងបន្តទៅកាន់ប្រតិភូស្ថានទូតសហរដ្ឋអាមេរិកទៀតថា ខេត្តបន្ទាយ មានជ័យ ជាខេត្តដែលជាប់ព្រំដែនកម្ពុជា-ថៃ កាលពីអតីតកាលជាសមរភូមិសង្រ្គាមក្តៅ គគុក។ ក្រោយពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ខេត្តបន្ទាយមានជ័យបាន និងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ មិនតែ ប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោ​​បាយ ដោយប្រែក្លាយតំបន់ ព្រំដែន ជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិឌ្ឍឱ្យរីកចម្រើន ហើយខេត្ត បន្ទាយមានជ័យមានស្រុក ក្រុងចំនួន ៩ ដោយមានច្រកអន្តរជាតិ២ និង ច្រកតំបន់ព្រំដែន ចំនួន ២ រវាងកម្ពុជា-ថៃ។

​ឯកឧត្តមបានបន្ថែមថា ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ភាគច្រើនប្រកបមុខរបរកសិ កម្ម បច្ចុប្បន្ននេះខេត្តមានសក្តានុពលផ្នែកកសិកម្ម ជាពិសេសលើដំណាំឧស្សាហកម្ម ហើយ ខេត្តក៏មានតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ដែលមានរោងចក្រ ភាគច្រើនវិនិយោគិនមកពីប្រទេសជប៉ុន។

ឯកឧត្តម Michael A.Newbill បានជម្រាបជូនអភិបាលខេត្តបន្ទាយមានជ័យថា ការមក ធ្វើទស្សនកិច្ចរបស់ឯកឧត្តមនៅពេលនេះ គឺដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពសេដ្ឋ​​កិច្ច ការ រស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាសុខភាពប្រជាពលរដ្ឋ និងការវិនិយោគ ព្រមទាំងភាពរីក ចម្រើនរបស់ខេត្តបន្ទាយមានជ័យផងដែរ ៕

ដោយ ឈុន សារ៉ាត