អន្តរក្រសួងពិនិត្យនិងវាយតម្លៃហេតុប៉ះពាល់បរិស្ថានគម្រោងបង្កើតរោងចក្រផលិត ស៊ីម៉ងត៍

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងរសៀលថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.    ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ លើផ្ទៃ ដីទំហំ ៣២ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន ស៊ីម៉ងត៍កម្ពុជា ចក្រីទីង (ម្ចាស់​គម្រោង) និងសិក្សាវាយ​តម្លៃ​ហេតុប៉ះពាល់​បរិស្ថាន និង​សង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd. ។

ប្រភពខាងលើឱ្យដឹងទៀតថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោកជំទាវអនុរដ្ឋលេខាធិការ លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និង តំណាងក្រសួងរ៉ែនិងថាមពល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (រដ្ឋបាលព្រៃឈើ) ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មន្ទីរបរិស្ថាន​ខេត្ដកំពត និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។

ក្រោយពីបានពិនិត្យ និងពិភាក្សាអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖ ១-គាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍។ ២- សូមក្រុមហ៊ុនចូលរួមដើមឈើឱ្យបានច្រើននៅជុំវិញទីតាំងគម្រោង។ ៣- សូមក្រុមហ៊ុនមានផែនការគ្រប់គ្រងលើការប្រើប្រាស់ទឹកក្រោមដី។ ៤-ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវឱ្យបានល្អ និងសំណូមពរមានអាងប្រព្រឹត្ដិកម្មសំណស់រាវ។ ៥-សូមក្រុមហ៊ុនបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍ចាប់យកភាគល្អិតចេញពីចំហេះ។ ៦-ក្រុមហ៊ុនត្រូវមានឧបរណ៍សុវត្ថិភាពសម្រាប់បុគ្គលិក-កម្មករប្រើប្រាស់ និងមានផែនការត្រួតពិនិត្យសុខភាពបុគលិក-កម្មករជាប្រចាំ។ ៧- ការដឹកជញ្ជូនរបស់ក្រុមហ៊ុនត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេស និងការបើកបរត្រូវគោរពច្បាប់ចរាចរណ៍។ ៨- សូមក្រុមហ៊ុនពិនិត្យពីការបង្កើនមូនិធិបរិស្ថាន និងសង្គម ៕

ដោយ ពេជ្រ ណារិទ្ធ