ឯកឧត្តម អូស្មាន ហាស្សាន់ ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារមធ្យមសិក្សានៅស្រុកកំពង់ត្រឡាច

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្ដម SAUD BIN FAHAD AL-SUWAILEM ឯកអគ្គរាជទូតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា វិទ្យាល័យ អាពូប៉ាកើរឥស្លាមកម្ពុជា ដែលមានតម្លៃជិត៨០ម៉ឺនដុល្លារ  ស្ថិតនៅភូមិច្រករមៀត ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា អគារសិក្សា វិទ្យាល័យ អាពូប៉ាកើរឥស្លាមកម្ពុជា ស្ថិតនៅភូមិច្រករមៀត ឃុំឈូកសរនេះ ជាអំណោយសប្បុរសធម៌ របស់មហាមិត្ដប្រទេសអារ៉ាប៊ីសាអូឌីត។ អគារនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣ ដែលមាន៤៥បន្ទប់ ចែកចេញជាបន្ទប់រៀន បន្ទប់ស្នាក់នៅសម្រាប់សិស្ស បន្ទប់ស្នាក់នៅសម្រាប់លោកគ្រូអ្នកគ្រូ ការិយាល័យសមាគម ការិយាល័យអប់រំ ផ្នែកចំណេះទូទៅ ការិយាល័យអប់រំផ្នែកសាសនាឥស្លាម បន្ទប់ពិគ្រោះពិនិត្យព្យាបាលជំងឺ បន្ទប់កុំព្យូទ័រ បណ្ណាល័យ និងសាលប្រជុំ ដែលការសាងសង់នេះ ចំណាយថវិកាសរុបចំនួន ៧៩២,០៥០ ដុល្លារ ក្នុងនោះ ជំនួយមកពីរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ១០០,០០០ ដុល្លារ សប្បុរសជនប្រទេសអារ៉ាប៊ីសាអ៊ូឌីតចំនួន ៥៦៨,០២៣ដុល្លារសប្បុរសជន ប្រទេស អារ៉ាប់រួមអេមីរ៉េត ចំនួន១០៩,៣៨៨ដុល្លារ សមាគមសម្រប សម្រួលនិងអភិវឌ្ឍន៍សង្កម នៃប្រទេសកូវ៉ែតចំនួន ១៥,០០០ ដុល្លារ។

ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ចំពោះសប្បុរស ជនម្ចាស់ជំនួយទាំងអស់ដែនបានខិតខំប្រឹងប្រែង និងឧបត្ថម្ភគាំទ្រដល់វិស័យសិក្សា នៅកម្ពុជាដោយកត្តាសន្តិភាពធ្វើឱ្យប្រទេសយើងមានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ ឈរនិយាយដោយឡែក ចំពោះសហគមន៍ឥស្លាម មួយរយៈចុងក្រោយនេះឃើញថា មានការវិវត្តយ៉ាងឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យអប់រំ។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា  អ្វីដែលសំខាន់បំផុត គឺប្រទេសយើងមាន មេដឹកដ៏ឆ្លៀសវៃ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរក្សារបាននូវ ឯករាជ្យភាព អធិបតេយ្យភាពប្រទេសរបស់ខ្លួន ដោយបានទប់ស្កាត់រាល់ការ ញុះញុងបំបែក បំបាក់ជាតិពីឥទ្ធិពលអាក្រក់មួយចំនួន។  ក្មួយៗជាសិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រ ធ្វើយ៉ាងណាដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រទេសជាតិយើងដែលកំពុងតែមានការរីកចម្រើន ជាពិសេសបច្ចេកវិទ្យាទំនើបនា ពេលបច្ចុប្បន្នពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម សូមក្មួយៗប្រើប្រាស់វិស័យនេះឱ្យមាន ប្រយោជន៍ក្មុងផ្លូវវិជ្ជមានដើម្បីបម្រើដល់ប្រយោជន៍សង្គម ចៀសវាងការប្រើប្រាស់ ក្នុងផ្លូវអវិជ្ជមាន ដូចជាការញុះញង់ បង្កចលាចលដល់សង្គមជាតិរបស់យើងជាដើម៕

ដោយ សួស សំរិត