មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសខ្លា និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យចូលរួមកម្ចាត់ជម្រកមូសខ្លា

AKP កំពង់ស្ពឺ ថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០១៩ — លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ AKP ឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ចំពោះជំងឺគ្រុនឈាម បើគិតមកដល់សប្តាហ៍ ទី២៨ ក្នុងឆ្នាំ២០១៩នេះ នៅទូទាំងខេត្តកំពង់ស្ពឺមានផ្ទុះជំងឹគ្រុនឈាមប្រមាណជាង១០០០ ករណីហើយ ប៉ុន្តែពុំទាន់បណ្តាលឱ្យអ្នកជំងឺណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។


លោកវេជ្ជបណ្ឌិតបានអះអាងថា បច្ចុប្បន្នស្ថានភាពជំងឺគ្រុនឈាមនៅទូទាំង ខេត្តកំពង់ ស្ពឺមិនទាន់ថយចុះនៅឡើយទេ ស្របពេលនេះ មន្ទីរសុខាភិបាលក៏កំពុងបង្កើនល្បឿន ដើម្បីចុះផ្សព្វផ្សាយ អប់រំ ប្រជាពលរដ្ឋ ឱ្យចូលរួមកម្ចាត់មូសខ្លាញី និងចេះស្វែងរកសេវា ព្យាបាលឱ្យបានត្រឹមត្រូវ។ ព្រមជាមួយគ្នានេះមន្ទីរសុខាភិបាលខេត្ត ក៏បានបើកយុទ្ធនាការចុះ បាញ់ថ្នាំសម្លាប់មូសខ្លា និងដាក់ថ្នាំអាប៊ែត ជូនប្រជាពលរដ្ឋផងដែរ។


លោកប្រធានមន្ទីរសុខាភិបាល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នា ប្រយុទ្ធ នឹងជំងឺ គ្រុនឈាម ស្របពេលអះអាងថា ជំងឺនេះអាចឆ្លងទៅដល់មនុស្សគ្រប់វ័យ។ មូសខ្លាដែលជា ប្រភពចម្លងជំងឺនេះ គឺវាកើតឡើងនៅក្នុងទឹកថ្លាស្អាត និងចូលចិត្តរស់នៅជិតមនុស្ស។ ដើម្បីគេចផុតពីសេចក្តីស្លាប់ដោយជំងឺគ្រុនឈាម គឺប្រជាពលរដ្ឋ ត្រូវសម្អាតទឹកថ្លាក្នុងផ្ទះ និង ខាងក្រៅឱ្យបានស្អាត ដើម្បីឱ្យបានទទូលពន្លឺថ្ងៃគ្រប់គ្រាន់។ ធ្វើការលុបបំបាត់ជម្រកមូសខ្លា ដែលជាសម្បកកង់ឡាន ឬម៉ូតូដែលទុកពាសវាលពាសកាល លុបបំបាត់កន្លែងទឹកដក់ ដែលមានដង្កូវទឹកនិងត្រូវសម្អាតពាង ឬអាងទឹកជាដើម ឱ្យបាន១សប្តាហ៍ម្តង។

ជាពិសេស ប្រសិនបើក្តៅខ្លួនខ្លាំងភ្លាមៗអ្នកត្រូវប្រញាប់ទៅពិនិត្យ និងទទួលការ ព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដូចជាមណ្ឌលសុខភាពដែលនៅជិតបំផុត កុំឱ្យយឺតជាង៧២ ម៉ោង និងមិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬទៅរកការព្យាបាលជាមួយពេទ្យឯកជន ដែលគ្មានសមត្ថភាពឡើយ៕

ដោយ លឹមសាន្ត