រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាពឡើងវិញ ស្តីពីការអនុវត្តប្លង់គោលសម្រាប់ឆ្នាំ២០៣៥

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានី ភ្នំពេញ និងបន្ដចាប់ផ្តើមធ្វើបច្ចុប្បន្នភាពឡើងវិញស្តីពីការអនុវត្តប្លង់គោលសម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣៥ ដើម្បីឈានទៅការអភិវឌ្ឍទីក្រុងធានា បានប្រសិទ្ធភាពខ្ពស់ និងចំគោលដៅ នាពេលអនាគត ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជាកំពុងឈានដល់ភាពរីកចម្រើនពី១ ថ្ងៃ ទៅ១ថ្ងៃឥតឈប់ឈរ នៃបច្ចេកវិទ្យាទំនើប។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះខណៈលោកចូលរួម ជាអធិបតីភាពក្នុង ពិធីកិច្ចប្រជុំពិភាក្សាស្តីពីការត្រួតពិនត្យប្លង់គោលសម្រាប់អភិវឌ្ឍន៏ឆ្នាំ២០២០ ដល់ឆ្នាំ២០៣៥។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃអង្គារ៏ ៥រោកខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា  ការពិនិត្យមើល ការ អនុវត្តប្លង់គោលឆ្នាំ២០៣៥ នៅរាជធានីភ្នំពេញនេះមានគោលដៅសំខាន់ណាស់ ដើម្បីឱ្យគ្រប់ ភាគីពាក់ព័ន្ធបានដឹងពី ស្ថានភាពជាក់នៃការអនុវត្តប្លង់មេនេះ កន្លងមកលើ បញ្ហាវិជ្ជមាន និងអវិជ្ជមានដើម្បីផ្តល់ជាអនុសាសន៍ឈានទៅសម្រេចបានជោគជ័យនៃការអភិវឌ្ឍរាជធានីភ្នំពេញឆ្ពោះទៅឆ្នាំ២០៣៥ ខាងមុខ។

ឯកឧត្ដម ឃួង ស្រេង បានបន្ដថា ការរួមគ្នាពិភាក្សាលើការគោល នយោបាយ អនុវត្តន៍ប្លង់មេ នេះគឺស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យរយៈពេល៥ ត្រូវត្រួតពិនិត្យស្ថានភាពអភិវឌ្ឍន៍នៃប្លង់គោលនៃម្តង ដើម្បីធានាកុំឱ្យ មានបញ្ហាប្រឈមណា មួយកើតឡើងនាពេលខាងមុខ។ ១៥ឆ្នាំម្តងយើងត្រូវប្រជុំបញ្ហានេះថា តើប្លង់មេនេះ ទទួលបានជោគជ័យកម្រិតណា ហើយមានផលប៉ះពាល់លើអ្វីដែលជាបញ្ហាប្រឈម អាចត្រូវកែឬត្រូវដោះស្រាយ ការអនុវត្តនឹងមានប្រសិទ្ធភាព ឬហើយមានប្រយោជន៍យ៉ាង ម៉េចចំពោះជាតិចំពោះប្រជាជន ដើម្បីយើងអនុវត្តន៍បន្តទៀត ហើយការអនុវត្តន៍ទីក្រុងមួយ បើគ្មានប្លង់មេ យើងអនុវត្តន៍ពុំបានល្អប្រសើរ។ ចំណុចនេះហើយដែលធ្វើឱ្យរាជរដ្ឋាភិបាល ចេញអនុក្រឹត្យមួយដល់អ្នកអនុវត្តន៍ប្លង់មេនេះធ្វើបច្ចុប្បន្នភាពរៀងរាល់៥ឆ្នាំម្តង ត្រូវបន្ដ បើកកិច្ចប្រជុំពិភាក្សារកចំណុចខ្លាំង និងឱ្យឃើញ នៃការវិវត្ដរបស់សង្គមទើបល្អប្រសើរ។

លោក ស៊ិន ចន្ទបរមី នាយកទីចាត់ការ នៃរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្លង់ គោល២០៣៥នេះ បានជួយតម្រង់ទិសការអភិវឌ្ឍ រាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធ ភាពតាមរយៈ ការតម្រង់ទិសការ ប្រើប្រាស់ដីធ្លី ការអភិវឌ្ឍផ្លូវគមនាគមន៍ ប្រព័ន្ធប្រឡាយមេ រោងចក្រសហគ្រាស និងតំបន់សាធារណៈផ្សេងៗ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកបានបញ្ជាក់ថា ជាអនុសាសន៍ក្រុមការងារជំនាញនឹងប្រមូលទិន្នន័យ ប្លង់ប្រើប្រាស់ដីតាមខណ្ឌដែលមន្ទីររៀបចំដែន ដីនគរូបនីយ៍កម្ម និងសំណង់ និងសុរិយោដីបានសិក្សានិងអនុម័តរួច ដើម្បីដាក់បញ្ជាន់ផ្ទៀងផ្ទាត់ជា មួយប្លង់គោល២០៣៥ និងប្លង់មេដឹកជញ្ជូនសាធារណ២០៣៥ដើម្បីត្រៀមធ្វើបច្ចុប្បន្នភាពនាឆ្នាំ២០២០ខាងមុខ។

សូមបញ្ជាក់ថា  ប្លង់គោលរាជធានីភ្នំពេញ២០៣៥ ត្រូវបានចុះហត្ថលេខាអនុម័ត យល់ព្រមដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ ដើម្បីធ្វើការរៀបចំទីក្រុងឱ្យបានល្អប្រសើរ ឆ្ពោះទៅដោះស្រាយបញ្ហា ប្រឈមនឹងកំណើនប្រជាពលរដ្ឋ កំណើនយានយន្ត និងការអភិវឌ្ឍកាន់តែច្រើន នាពេលខាងមុខ៕

ដោយ សួស សំរិត