រដ្ឋាភិបាលស៊ុយអែត គូសបញ្ជាក់ថា នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ —  ឯកអគ្គរដ្ឋទូតទើបចប់អាណត្តិរបស់ស៊ុយអែតប្រចាំកម្ពុជា លោកជំទាវ Maria Sargren (ម៉េរៀ សាហ្គ្រេន) បានគូសបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត នៅតែបន្តកិច្ចសហប្រតិបត្តិការលើ​វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយកម្ពុជាបន្តទៀត ដែលស្របទៅនឹងគោល​ដៅរួមរបស់រដ្ឋាភិបាលទាំងពីរ។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងឱកាសដែល លោកជំទាវ Maria Sargren ជួបពិភាក្សាការងារ និងជម្រាបលាជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ។ លោកជំទាវ Maria Sargren បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងនេះ ដែល កម្ពុជាពិតជាបានខិតខំចូលរួមអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ពិសេសគឺការចូលរួមអនុវត្តន៍ រួមគ្នា សម្រាប់ការបង្កើតមណ្ឌលការងារចល័ត ដែលបញ្ជូនទៅដល់តំបន់ដាច់ស្រយាល និង ផ្ដល់ជូននូវព័ត៌មានទីផ្សារការងារ ព្រមទាំងផ្ដល់ការងារទៅដល់យុវជនប្រកបដោយប្រសិទ្ធ ភាព។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានប្ដេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែល​កំពុងអនុវត្តន៍ជាមួយកម្ពុជា ដែលស្របទៅនឹងគោលនយោបាយរួមរបស់រដ្ឋាភិបាលស៊ុយអែត និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើក​ឡើងពីលទ្ធផលការងារ និងកិច្ចសហប្រតិបត្តិការជាច្រើន ដែលកម្ពុជាបានអនុវត្តន៍ជាមួយ​ស៊ុយអែត និងអង្គការអន្តរជាតិមួយចំនួន នាពេលកន្លងមក ក្នុងនោះរួមមាន គម្រោងគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុដោយភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់​សេវា​ការងារសាធារណៈស៊ុយអែត (SPES) ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងក្រសួងអប់រំ យុវជន និងកីឡា និងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiatives)។ ឯកឧត្ដមបានបញ្ជាក់ថា កម្ពុជាបាននិងកំពុងប្រើប្រាស់យន្តការនេះ ក្នុងក្រប​ខ័ណ្ឌ​មួយចំនួន ដូចជា យន្តការគ្រប់គ្រងរបស់បេឡាជាតិរបបសន្តិសុខសង្គម យន្តការនៃការ​ដោះស្រាយវិវាទការងារ យន្តការនៃការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា និងនីតិវិធីនៃការ​តាក់តែងច្បាប់ ព្រមទាំងគោលនយោបាយដែលធ្វើទ្បើងដោយមានការពិភាក្សា និងចូលរួមពី​ត្រីភាគី។ល។

ឯកឧត្តមរដ្ឋមន្ត្រីមានសុទិដ្ឋិនិយមចំពោះអ្នកវិនិយោគស៊ុយអែត ដែលបាន​ផ្ដល់ទំនុកចិត្ត​មក​លើ​កម្ពុជា និងនៅតែបន្តវិនិយោគមកកម្ពុជាបន្ថែម ដោយបានបង្កើតការងារ និងប្រាក់ចំណូល​ដល់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ៕

ដោយ ឡុង ស៊ីវ៉ាន់