ចិនស្នើសុំឱ្យភាគីដទៃកុំបកស្រាយអ្វីលើសពីកិច្ចសហប្រតិបត្តិការធម្មតាជាមួយកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ — ប្រទេសចិនបានសម្តែងក្តីសង្ឃឹមថា ភាគីដទៃទៀត នឹងមិនបកស្រាយអ្វីលើសពីកិច្ច​សហប្រតិ​បត្តិការជាធម្មតារបស់ខ្លួនជាមួយប្រទេសកម្ពុជាឡើយ។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងបែបនេះនៅក្នុង សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដោយឆ្លើយតបនឹងសំណួររបស់ អ្នកកាសែតជុំវិញព័ត៌មានដែលផ្សាយដោយសារព័ត៌មានអាម៉េរិកថា ចិននឹងអាចប្រើប្រាស់ មូលដ្ឋានកងទ័ពជើងទឹកកម្ពុជា ក្រោម “កិច្ចព្រមព្រៀងសម្ងាត់” រវាងប្រទេសទាំងពីរ។

លោក Geng Shuang បានគូសបញ្ជាក់ថា “បើតាមខ្ញុំដឹង ភាគីកម្ពុជាបានបដិសេធ ពីរឿងនេះ​ហើយ។ ក្នុងនាមជាអ្នកជិតខាង ដែលមានចំណងមិត្តភាពជាប្រពៃណី ប្រទេសចិន និងកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការរបស់យើង​គឺបើក​ទូលាយ មានតម្លាភាព ស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយយើង​សង្ឃឹមថា​រឿង​នេះ​នឹងមិនត្រូវបានបកស្រាយលើសពីនេះទេ។”

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្ពុជាបានច្រានចោលយ៉ាងដាច់​អហង្ការចំពោះព័ត៌មានប្រឌិតចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal ដែល​បានចោទប្រកាន់កម្ពុជាថា​បានចុះកិច្ចព្រមព្រៀងដោយសម្ងាត់មួយ អនុញ្ញាតឱ្យយោធាចិន​ប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកព័ត៌មាន​ប្រឌិតចុងក្រោយនេះ​ថា ជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ សម្តេចតេជោបានបញ្ជាក់ថា “គ្មាន​រឿង បែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញ​របស់ ប្រទេសកម្ពុជា” ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍អះអាងច្បាស់ៗថា “តើកម្ពុជាត្រូវការវត្ត​មាន​យោធា ចិន​លើទឹក​ដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលមានការពិភាក្សាណាមួយ ជាមួយ​មេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង”។ សម្ដេចតេជោ​បន្ថែមថា “ល្មមឈប់​ប្រើប្រាស់ព័ត៌​មានក្លែងបន្លំអំពីវត្តមានកងទ័ពចិន​លើទឹកដី​កម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ …”៕

ដោយ នីកា