ក្លឹបអ្នកកាសែតកម្ពុជា និងអង្គការអភិរក្សសត្វព្រៃបើកសិក្ខាសាលាស្តីពី ” តួនាទីរបស់សារព័ត៌មានក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ “

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ -សិក្ខាសាលាស្តីពី ” តួនាទីរបស់សារព័ត៌មានក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ” បានបើកធ្វើនៅព្រឹក ថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ២០១៩នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គការអភិរក្សសត្វព្រៃ និងអ្នកសារព័ត៌មានយ៉ាងច្រើន។

សិក្ខាសាលានេះរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយអង្គការអភិរក្សសត្វព្រៃ (WCS) ក្នុងគោលបំណងបង្កើនចំណាប់អារម្មណ៍របស់អ្នកសារព័ត៌មាន និងបង្កើនការផ្សព្វផ្សាយអំពីបញ្ហាជួញដូរសត្វព្រៃខុសច្បាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងជំរុញឱ្យស្ថាប័នរាជរដ្ឋាភិបាល ធ្វើការឆ្លើយតបឱ្យបានកាន់តែប្រសើរឡើង ជុំវិញបញ្ហាបទល្មើសជួញដូរសត្វព្រៃ។ ម្យ៉ាងទៀតសិក្ខាសាលានេះ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនឱ្យបានកាន់តែទូលំទូលាយអំពីបទល្មើសជួញដូរសត្វព្រៃ ដែលត្រូវបានចាត់ទុកថាជាបទល្មើសធ្ងន់ធ្ងរ ។

តាមការរំពឹងទុកព័ត៌មានស្តីពីបទល្មើសជួញដូរសត្វព្រៃ ត្រូវបានផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានច្រើនជាងមុន ហើយស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងធ្វើការឆ្លើយតបទៅនឹងបទល្មើសជួញដូរសត្វព្រៃកាន់តែសកម្ម និងមានប្រសិទ្ធភាពជាងមុន ហើយសាធា រណជននឹងទទួលបានព័ត៌មានច្រើនជាងមុនអំពីបទល្មើសជួញដូរសត្វព្រៃ និងចំណាត់ការរបស់ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ។

លោក ពុយ គា តំណាងក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា កន្លងមកអ្នកសារព័ត៌មាន មានបញ្ហាក្នុងការរាយការណ៍ទាក់ទងបញ្ហាសត្វព្រៃនេះ ដោយសារតែកន្លងមកមិនមែនតែសត្វព្រៃទេដែលត្រូវគេចាប់ សត្វក្នុងទឹកក៏ចាប់ដែរ ដូចជាសត្វអណ្តើកជាដើម។ ដូច្នេះការជួបពិភាក្សាគ្នានាពេលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្វែងរកព័ត៌មានពិតមួយក្នុងការរាយការណ៍ព័ត៌មាន។

តំណាងអង្គការអភិរក្សសត្វព្រៃ បានលើកឡើងថា ការជួញដូរសត្វព្រៃត្រូវបានគេចាត់ទុកថា ជាបទល្មើសឆ្លងដែនមួយក្នុងចំណោមបទល្មើសឆ្លងដែនជាច្រើន ដែលអាចរកប្រាក់បានច្រើនបំផុតនៅក្នុងពិភពលោក ដែលគិតជាទឹកប្រាក់ស្មើប្រមាណចន្លោះពី ៧ពាន់លានទៅ ២៣ពាន់លានដុល្លារអាម៉េរិក នៃចំណូលខុសច្បាប់ក្នុងមួយឆ្នាំ (ប្រភព៖ UNEP/Interpol)។ ជាក់ស្តែងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រាក់ចំណូលបានមកពីការជួញដូរសត្វព្រៃខុសច្បាប់មានចំនួន ២,៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ការជួញដូរសត្វព្រៃ គឺជាការគំរាមកំហែងមួយក្នុងចំណោមការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសត្វព្រៃនៅទូទាំងពិភពលោកធ្វើឱ្យប៉ះពាល់ដល់នីតិរដ្ឋ ចម្លងជំងឺដល់មនុស្ស និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ ការជួញដូរសត្វព្រៃគួរត្រូវបានគេចាត់ទុកថា ជាបទល្មើសធ្ងន់ធ្ងរមួយ ដូចគ្នាទៅនឹងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការជួញដូរអាវុធផងដែរ៕

ដោយប៉ាល់ សុង