សត្វផ្សោត១ក្បាលទៀតហើយបានងាប់នៅក្នុងទន្លេមេគង្គ នៃខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ -សត្វផ្សោតមួយក្បាលត្រូវគេប្រទះឃើញងាប់នៅចំណុចភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ ។
សាកសពសត្វផ្សោត១ក្បាលនោះ ត្រូវបានគេស្រង់យកមករក្សាទុកនៅក្នុងទូរក្លាស្សេនៅឯការិយាល័យអង្គការ WWF ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័្ចយ។ ក្រុមការងារស្រាវ ជ្រាវរួមដែលមានរដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការសន្និដ្ឋានជាបឋមថា សត្វផ្សោត១ ក្បាលនេះងាប់ដោយសារជាប់មង ព្រោះមានស្នាមសរសៃមង នៅជាប់និងកន្ទុយរបស់វា ។

ប្រភពដដែលបញ្ជាក់ថា ផ្សោតនោះជាសត្វផ្សោតឈ្មោល មានទម្ងន់ ១០៤គីឡូក្រាម ប្រវែង១,៩៨ម៉ែត្រ និងអាយុប្រហាក់ប្រហែលចន្លោះពី១៥ ទៅ១៨ ឆ្នាំ ។ នេះគឺជាសត្វផ្សោតទី ៥ ហើយដែលត្រូវបានគេប្រទះឃើញងាប់នៅតាមដងទន្លេមេគង្គ ក្នុងទឹកដីខេត្តក្រចេះ និងខេត្តស្ទឹងត្រែង  ដែលគិតចាប់តាំងពីខែមករា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនកូនសត្វផ្សោតថ្មីដែលកើតក្នុងអំឡុងពេលដូចគ្នានេះក៏មានចំនួន ៩ក្បាលបន្ថែមទៀតដែរ ៕

ដោយជួន សុជាតិ