អន្តរក្រសួងពិនិត្យលើគម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួង ថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញមានប្រវែង ១៨.៩៨៥ម៉ែត្រ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីហ្សាដឺហ្គោល មហាវិថីសម្តេចមុនីរ៉េត កំណាត់មហាវិថីសហព័ន្ធរុស្សី ផ្លូវវេងស្រេង កំណាត់ផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវទំនប់កប់ស្រូវ រាជធានី ភ្នំពេញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន(ម្ចាស់គម្រោង) និងមានការសិក្សាគម្រោងដោយក្រុមហ៊ុន នីប៉ុង កូអេ ខូអិលធីឌី និងសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា PPIC Co., Ltd.។

ប្រភពខាងលើបន្តថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកឯកឧត្តម ប្រធានអង្គប្រជុំបានប្រកាសលទ្ធផលដូចខាងក្រោម ៖១. គាំទ្រ និងសាទរចំពោះគម្រោងអភិវឌ្ឍន៍នេះ ពីព្រោះគម្រោងនេះចូលរួមចំណែកអភិវឌ្ឍន៍ទំនើបកម្មទីក្រុង និងកាត់បន្ថយការស្ទះចរាច  រណ៍នៅក្នុងរាជធានីភ្នំពេញ។ ២.ម្ចាស់គម្រោងត្រូវផ្តល់ព័ត៌មានបន្ថែមស្តីពីប្រភេទរថភ្លើង។៣. ម្ចាស់គម្រោងត្រូវបញ្ជាក់ពីទីតាំងការដ្ឋាន និងត្រូវបញ្ជាក់ពីការគ្រប់គ្រងសំណល់រឹង-រាវ ។ ៤. ក្រុមហ៊ុនទីប្រឹក្សាត្រូវសហការជាមួយម្ចាស់គម្រោងធ្វើការកែសម្រួល និងបំពេញបន្ថែមនៅក្នុងរបាយការណ៍ESIA នេះនូវរាល់មតិអង្គប្រជុំដែលបានលើកឡើង។

កិច្ចប្រជុំអន្តរក្រសួងលើគម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញនេះ ប្រព្រឹត្តទៅ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋាននៃក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់  បរិស្ថាន និងក្រុមហ៊ុនទីប្រឹក្សាផងដែរ ៕

ដោយ ពេជ្រ ណារិទ្ធ