រដ្ឋលេខាធិការ ក្រសួងធនធានទឹកចុះពិនិត្យច្រាំងទន្លេដែលបាក់នៅស្រុកមុខកំពូល

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ -នៅថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ វាយតម្លៃការងារការពារច្រាំងទន្លេមេគង្គ នៅស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានរងការបាក់ចូលទៅក្នុងទន្លេនៅពេលកន្លងទៅ ។

កាលពីដើមឆ្នាំ២០១៩ ច្រាំងទន្លេ មានប្រវែងសរុប ៣.៩៤០ម៉ែត្រនៅ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបាក់ច្រាំងទន្លេ នាពេលកន្លងទៅ មានទីតាំងនៅក្នុងភូមិថ្មី ឃុំព្រែកដំបង ប្រវែង ១.១១០ម៉ែត្រ ទីតាំង ភូមិយាយហ៊ិន១ ឃុំឫស្សីជ្រោយ ប្រវែង ១.៦២០ម៉ែត្រ និង ទីតាំង ក្នុងឃុំរការកោង១ ប្រវែង ១.២១០ម៉ែត្រ ត្រូវបានក្រសួងធនធានទឹក និង ឧតុនិយម និង ក្រសួងហិរញ្ញវត្ថុ បានចុះអន្តរាគមន៍ជួយការពារកុំឱ្យបាក់បន្តទៀត ។

ជាលទ្ធផលការងារក្រសួងធនធានទឹក និង ឧតុនិយម ដោយមានការចូលរួមពីក្រសួងហិរញ្ញវត្ថុផងនោះបានសម្រេចការពារ ច្រាំងទន្លេបាន ១០០ភាគរយ ដោយប្រើបាវខ្សាច់ Geotextile Bags រៀបតាមជើងទេរផ្នែកខាងក្រោម ដើម្បីការពារច្រាំងទន្លេកុំឱ្យបាក់បន្តទៀត ៕

ដោយ ណយ នឿន