កិច្ចប្រជុំផ្សព្វផ្សាយវិធានការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្ដរាយនៅខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០១៩ -នៅរសៀលថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៩ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្គ្រោះនៃគ្រោះមហន្តរាយក្នុងភូមិសាស្ត្ររបស់កំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម ហង្ស សាមឿន អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អង្គការជាដៃគូរអភិវឌ្ឍន៍ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជានាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិកអង្គប្រជុំ និងប្រជាពលរដ្ឋនៅទូទៅខេត្តកំពង់ចាមព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបានខិតខំបំពេញការងារកន្លងមក ក្នុងការថែរក្សាការពារសុខសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួនបានល្អ និងទាន់ពេលវេលា ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលកើតឡើងបញ្ចៀសបានពីការគ្រោះថ្នាក់។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ និងកម្លាំងទាំងអស់ត្រូវត្រៀមជាស្រេចក្នុងការជួយសង្គ្រោះនៃគ្រោះមហន្តរាយ ពិសេសកម្លាំងស្នូល មានកម្លាំងសមត្ថកិច្ច អាជ្ញាធរក្នុងមូលដ្ឋាន កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាការពារ និងកម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវតែយកចិត្តទុកដាក់តាមដានរាល់បាតុភូតកើតមានក្នុងមូលដ្ឋាន ប្រមូលព័ត៌មានពីគ្រោះមហន្តរាយឱ្យបានលឿន ត្រូវឆ្លើយតបឱ្យបានទាន់ពេលវលា ដោយប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការណ៍សរុប ផ្តោតសំខាន់លើការសង្គ្រោះអាយុជីវិតមនុស្សជាអាទិភាព គ្រប់ផ្នែក គ្រប់ថ្នាក់ត្រូវពង្រឹងសមត្ថភាពរបស់មន្ត្រីឱ្យមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ធ្វើយ៉ាងណាឆ្លើយតបបានទាន់ពេលវេលាទៅនឹងគ្រប់សភាពការណ៍ដែលកើតឡើង៕

ដោយ ឆាយ ម៉ុត