ក្រុងសិរីសោភ័ណធ្វើវេទិកាសាធារណៈពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ

AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ -បញ្ហាការអភិវឌ្ឍផ្លូវ, ប្រព័ន្ធលូ, អគ្គិសនី, ការសុំបញ្ចុះតម្លៃទឹកស្អាត, ទំនាស់ដីធ្លី,ការបង់​ពន្ធដីជាចំណុចអាទិភាពក្នុងចំណោមបញ្ហាប្រឈមសំណូមពរនានា ដែលត្រូវបានប្រជាពល រដ្ឋមន្រ្តីមូលដ្ឋានក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានលើកឡើងសុំឱ្យអាជ្ញាធរពាក់ ព័ន្ធក្រុមការងារជួយដោះស្រាយក្នុងវេទិកាសាធារណៈ ពិគ្រោះយោបល់ ដែលបានធ្វើឡើង​ នៅភោជនីយដ្ឋានស្ទឹងសែន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៩។

នៅក្នុងវេទិកាសាធារណៈនេះ​ប្រជាពលរដ្ឋ​បានលើកឡើង​ភាគច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ប្រឈមមាន បញ្ហាសុំឱ្យអាជ្ញាធរបន្តធ្វើការជួសជុល​ផ្លូវដែលរងការខូចខាតនៅតាម​មូលដ្ឋាន បញ្ហាផ្លូវធ្វើហើយគ្មាន​ប្រព័ន្ធ​លូត្រឹមត្រូវ ការរំលោភ​ដី​ស្រះ​សាធារណៈ ការរំលោភ​ដី​​នៅតាមមាត់​ស្ទឹងសិរីសោភ័ណ ​ការបញ្ចុះ​តម្លៃ​ទឹកស្អាត ​បញ្ហា​អគ្គិសនីនៅតំបន់មួយចំនួន មាន​បង្គោល​ភ្លើង​ហើយ​តែ​គ្មាន​ភ្លើង​ប្រើប្រាស់ ការបង់ពន្ធ​ដី ប្រជាពលរដ្ឋ​នៅ​មិនទាន់​យល់ដឹង​ច្បាស់​ពីបែបបទ​ការបង់ពន្ធ​ដី ​និង​មានការ​យឺតយ៉ាវ​រវាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី និង សាខាពន្ធដារក្នុងការធ្វើប្លង់ដីមានរយៈពេលយូរទើបទទួលបាន ប័ណ្ណកម្មសិទ្ធិ​ដីធ្លី បញ្ហា​ទីផ្សារ​កសិកម្ម​ជាដើម​។​

​​ក្នុង​វេទិកាពិគ្រោះ​យោបល់​នោះ គ្រប់​បញ្ហា​ប្រឈម​ទាំងនេះត្រូវបាន​​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អង្គភាពពាក់ព័ន្ធធ្វើការ​បកស្រាយ​បំភ្លឺ និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ​ តែ​ក៏មាន​បញ្ហា​ប្រឈម​ខ្លះ​ត្រូវបាន​យកទៅ​ពិភាក្សា​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ដើម្បី​រក​ដំណោះស្រាយ​បន្តទៀត​ផងដែរ​។

ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើង​បង្ហាញពីលទ្ធផល​សម្រេចបានលើវិស័យសំខាន់ៗ របស់រដ្ឋបាលខេត្តរយៈពេលកន្លងមក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងខេត្ត តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាល និងកិច្ច​សហការពីបណ្តាមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន ក្នុងការសម្រេចឱ្យបាននូវ​ផែនការអភិវឌ្ឍន៍ខេត្តស្របតាម គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្ម​វិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ យុទ្ធសាស្ត្រជាតិកាត់​បន្ថយភាពក្រីក្ររបស់រាជ រដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និង សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព យុត្តិធម៌សមធម៌ជូនប្រជាពលរដ្ឋ៕

ដោយ ឈុន សារ៉ាត