អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនពិភាក្សាគ្នាដើម្បី អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយនិរន្តរភាព

AKP សៀមរាប ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ -អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនបានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាគ្នាទៅលើ គោលដៅអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយនិរន្តរភាព ជាពិសេសបង្កើតនូវភាព​ស្និទ្ធ​ស្នាល ផ្លាស់ប្តូរយោបល់ និងពិភាក្សាជាលក្ខណៈគន្លឹះរវាងស្ថាប័នរដ្ឋដែលគ្រប់​គ្រងតំបន់​រមណីយដ្ឋានអង្គរ និងស្ថាប័ន​ឯកជនដែលមានអាជីវកម្មនៅតំបន់អង្គរ។ កិច្ចប្រជុំនេះ ក្នុង​គោល​បំណងសំដៅធ្វើយ៉ាងណាឱ្យ​ការ​អភិវឌ្ឍនៅរមណីយដ្ឋាន​បេតិកភណ្ឌពិភពលោកអង្គរ​ប្រកបដោយចីរភាព រក្សាបាននូវ​កំណើនសេដ្ឋកិច្ចតាមរយៈ​វិស័យទេសចរណ៍ ភាពទាក់ទាញ និងការប្រកួតប្រជែងទីផ្សារទេសចរណ៍ពិភពលោក ព្រមទាំងរក្សា និងការពារបានគុណតម្លៃ​នៃបុរាណ​ដ្ឋានផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅ កាលពីថ្ងៃ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងវិស័យឯកជនមកពីស្ថាប័ន៥៤ស្ថាប័ន ដែល កំពុងប្រកបអាជីវកម្មទាក់ទងនឹងការបម្រើសេវា កម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ចំណុចសំខាន់ៗដែលវិស័យឯកជនបានលើកឡើងនូវអ្វី​ដែល​ខ្លួន​បានជួបប្រទះក្នុងអាជីវកម្មមានដូចជា ការចោលសំរាមគ្មានសណ្តាប់ធ្នាប់ ការចាក់​ចម្រៀង​ដោយសំឡេងខ្លាំងៗពីសំណាក់ភ្ញៀវទេសចរជាតិ ការរៀបចំផ្លូវថ្នល់ ការប្រមូលផ្តុំភ្ញៀវ​ទេសចរ​នៅតាមប្រាសាទធំសំខាន់ៗ ការបង្វែរគោលដៅទស្សនាឱ្យភ្ញៀវទេសចរបានទៅ​ដល់​ប្រាសាទ ឬកន្លែងផ្សេងៗទៀត ការបង្កើនសក្តានុពលទាក់ទាញតាមរយៈការបង្កើត​កញ្ចប់​ទេសចរបែប​សុខភាព និងរៀបអាពាហ៍ពិពាហ៍ ការត្រួតពិនិត្យប្រភេទកាម៉េរ៉ាថតសម្រាប់​អាជីវកម្ម។ល។ ចំណុចទាំងនេះ បានប៉ះពាល់ដល់អារម្មណ៍ទេសចរ និងសូមឱ្យមានការជួយ​សម្រប​សម្រួលពី​អាជ្ញាធរជាតិអប្សរា។

ឆ្លើយតបទៅនឹងការលើកឡើងរបស់វិស័យឯកជនខាងលើនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា  ចំពោះកិច្ចការដែល ពាក់ព័ន្ធផ្ទាល់ ឬដោះស្រាយបានដោយអាជ្ញាធរជាតិអប្សរា ដូចជាកង្វល់ពាក់ព័ន្ធនឹងការចោល សំរាម ការបង្វែរគោលដៅទេសចរ បញ្ចៀសការប្រមូលផ្តុំនៅតាមប្រាសាទធំៗសំខាន់ៗ ព្រម ទាំងវិធានការផ្សេងៗទៀតដើម្បីជំរុញប្រសិទ្ធភាពការងារ គឺសូមស្នើឱ្យវិស័យឯកជនទាក់​ទង មកអាជ្ញាធរជាតិអប្សរាតាមប្រព័ន្ធព័ត៌មានសង្គមហ្វេសប៊ុក ឬតេឡេក្រាម។ លោកជំទាវបាន លើកឡើងថា ការរៀបចំជួសជុលឱ្យរួចរាល់នៅក្នុងអំឡុងឆ្នាំក្រោយ​ចំពោះផ្លូវទាំងអស់​ស្ថិត ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការរៀបចំផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ​ដែលនឹង​លេចចេញរូបរាងនាឆ្នាំក្រោយនេះ ព្រមទាំងកំណត់ភារកិច្ចដល់អ្នកជំនាញឱ្យរៀបចំផែនការ​សកម្មភាពដោះស្រាយ។ លោកជំទាវរដ្ឋមន្រ្ដីបន្ដថា ចំពោះបញ្ហាមួយចំនួនទៀត​ដែលមិនអាច​ដោះស្រាយបានដោយអាជ្ញាធរជាតិអប្សរា លោកជំទាវបានសន្យាថានឹងនាំយក​ការព្រួយ​បារម្ភរបស់វិស័យឯកជន ជូនទៅគ្រប់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ដែលនឹងរៀបចំអញ្ជើញ​ស្ថាប័ន រដ្ឋ​ពាក់ព័ន្ធទាំងនោះមកចូលរួមប្រជុំលើកក្រោយៗទៀត។ លោកជំទាវក៏សូមអំពាវ​នាវដល់​វិស័យឯកជនចូលរួមផ្តល់យោបល់ដើម្បីរួមចំណែកសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង៕

ដោយ ហង្ស សៀក