អភិបាលខេត្តក្រចេះ ជំរុញឱ្យមានការពន្លឿនក្នុងការសាងសង់អាគារសិក្សា១ខ្នង  នៅឃុំសោប ស្រុកព្រែកប្រសព្វ

AKP ក្រចេះ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បានជំរុញ ឱ្យមានការពន្លឿនក្នុងការសាងសង់អាគារសិក្សា១ខ្នង មាន៤បន្ទប់ ស្ថិតក្នុងភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ។ ឯឧត្ដម វ៉ា ថន អភិបាលខេត្តបានបញ្ជាក់ឱ្យដឹងថា សំណង់អាគារសិក្សា១ខ្នងមាន៤ បន្ទប់ដែលកំពុងសាងសង់នេះ  មានគម្រោងចំណាយថវិកាប្រមាណជាង ៤ម៉ឺនដុល្លារអាម៉េរិក ដែលជាគំនិតផ្ដួចផ្ដើមពីប្រជាសហគមន៍ក្នុងភូមិព្រែកប្រលូង ដោយមានកិច្ចសហការឧបត្ថម្ភពី សំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តប្រមាណ៥០ភាគរយ  និង៥០ភាគរយ ទៀតជាបដិភាគរបស់សហគមន៍ រួមនឹងអាជ្ញាធរខេត្ត ស្រុក និងក្រុមការងារចុះជួយឃុំផង ដែរ។ ចំពោះគ្រឿងបរិក្ខារបំពាក់ក្នុងថ្នាក់រៀនជាបន្ទុករបស់មន្ទីរអប់រំយុវជន និងកីឡា ខេត្តជា អ្នកផ្ដល់ជូន។

នៅក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់អាគារសិក្សានាពេលនោះ ឯឧត្ដម វ៉ា ថន បាននាំយកថវិកាចំនួន១០លានរៀល បន្ថែមដើម្បីពន្លឿនក្នុងដំណើរការសាងសង់នេះ ផងដែរ។ ជាក់ស្ដែងរហូតដល់ពេលនេះឯឧត្ដមអភិបាលខេត្ត បានជួយឧបត្ថម ថវិកាផ្ទាល់ខ្លួន សរុបចំនួន ១២លាន ៤សែនរៀល និងបន្តអំពាវនាវកៀរគររកមូលនិធិបន្ថែម ដើម្បីឱ្យដំណើរ ការសាសង់អាគារសិក្សានេះទទួលបានជោគជ័យ។

ឯឧត្ដមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេស ជាតិមានសុខសន្តិភាព និងមាន ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ចទាំងសង្គមជាតិ ទាំងសង្គមគ្រួសារ និងនាំឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ហើយបានបរិច្ចាកធនធានក្នុងការរួម ចំណែកជួយ ដល់សង្គមជាក់ស្ដែងដូចជាពេលនេះយើងបាន និងកំពុងរួមគ្នាបរិច្ចាគនូវធនធាន ទៅតាម សទ្ធាដែលមាន ដើម្បីកសាងនូវសមិទ្ធផលទុកសម្រាប់ក្មួយៗសិស្សានុសិស្ស ជាកូនជាចៅ របស់យើងបន្តទៀត។

ឯឧត្ដមក៏បានណែនាំអាជ្ញាធរ និងប្រជាសហគមន៍ត្រូវខិតខំធ្វើយ៉ាងណាឱ្យ ការសា សង់អាគារសិក្សានេះទទួលបានជោគជ័យតាមគម្រោងផែន ការដើម្បីបង្កលក្ខណៈដល់ក្មួយៗ ជាកូនចៅប្រជាពលរដ្ឋបានចូលសិក្សារៀនសូត្រគ្រប់ៗគ្នា៕

ដោយ  ជួន សុជាតិ