ក្រុមវិសាខាប្រជែងបាន៣ពិន្ទុពីភ្នំពេញក្រោន សប្តាហ៍ទី១៦ លីគកំពូលកម្ពុជា រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ — ក្រុមម្ចាស់ផ្ទះវិសាខាប្រជែងបាន៣ពិន្ទុពីក្រុមភ្ញៀវ ភ្នំពេញក្រោន ដោយលទ្ធផលបច្ចេកទេស ៤-៣ នៅក្នុងការ ប្រកួតសន្សំពិន្ទុ សប្តាហ៍ទី១៦ កាលល្ងាចថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩។ ៤គ្រាប់ជ័យជម្នះរបស់វិសាខាធ្វើសម្រេចដោយកីឡាករ Da Cruz, កីឡាករ AJayi ២គ្រាប់ និងកីឡាករ ស៊ិន កក្កដា ខណៈ៣គ្រាប់របស់ភ្នំពេញក្រោន ZAZAI, Paulo Victor និងកីឡាករ BATA។ ឆ្លងកាត់១៦ប្រកួត របស់វិសាខា ឈ្នះ១១ប្រកួត ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន៣៤ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន ខណៈ១៦ប្រកួតរបស់​ភ្នំពេញក្រោន ឈ្នះ៩ប្រកួត ស្មើ១ប្រកួត និងចាញ់៦ប្រកួត មាន២៨ពិន្ទុ ឈរនៅ លេខ៦បណ្តោះអាសន្ន។ សម្រាប់១ប្រកួតនេះគឺបានទាក់ទាញបានអ្នកគាំទ្រ៥៥០០នាក់ ដែលជាកំណត់ត្រាថ្មី មួយ​សម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាផងដែរ។

ចំពោះលទ្ធផល៦ប្រកួតផ្សេងៗទៀត នាជំនួបសប្តាហ៍ទី១៦នេះដែរ រួមមាន៖ យុវជន​បាទីចាញ់អគ្គិសនីកម្ពុជា ១-៥, សូលទីឡូអង្គរ ចាញ់អាស៊ីអឺរ៉ុប 0-១, បឹងកេតចែកគ្នាម្នាក់១ពិន្ទុ​ជាមួយអង្គរថាយហ្គឺរ ក្រោយរក្សា លទ្ធផល ១-១, អគ្គស្នងការដ្ឋាននគរបាលជាតិ ចាញ់​ណាហ្គាវើល ១-៣, ខេត្តកំពង់ចាមចាញ់ក្រសួងការពារជាតិ ២-៤ ខណៈព្រះខ័នរាជ​ស្វាយរៀង​យកឈ្នះគិរីវង់សុខសែនជ័យ ២-១។

សូមបញ្ជាក់ថា ៣ក្រុមលើកំពូលតារាង គឺក្រុមព្រះខ័នរាជស្វាយរៀងនៅតែបន្ត​ក្តោប​ក្តាប់លើកំពូល តារាងជាច្រើនសប្តាហ៍ជាមួយនឹង៤២ពិន្ទុ, លេខ២ ក្រុមណាហ្គាវើល មាន៣៧​ពិន្ទុ និងក្រុមលេខ៣បណ្តោះ អាសន្ន ក្រុមអង្គរថាយហ្គឺរ មាន៣៤ពិន្ទុ៕

ដោយ ហេង ណាលីន