ត្រីកាហែលឿង ដែលស្ថិតបញ្ជីក្រហម IUCN មានច្រើននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩  — ត្រីកាហែលឿង ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) តាំងពីឆ្នាំ២០១១ ជាប្រភេទត្រីមានការព្រួយបារម្ភដែលនឹងឈានទៅផុតពូជ លើលោក ប៉ុន្តែវាមានច្រើននៅក្នុងប្រទេសកម្ពុជាយើង។ នេះបើតាមការចេញផ្សាយព័ត៌ មានផ្លូវការរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមាន ស្រកាមួយប្រភេទនេះ ដែលជាប្រភេទត្រីទឹកសាបវារស់នៅក្នុងទន្លេធំៗ មធ្យម ស្ទឹង អូរ ប្រឡាយ តំបន់វាលទំនាបលិចទឹក និងទន្លេមេគង្គ។ ត្រីកាហែលឿង មានឈ្មោះវិទ្យាសាស្ត្រ (Barbonymus schwanenfeldii) និងឈ្មោះជាភាសាអង់គ្លេស Tinfoil barb មានប្រវែងដង ខ្លួនអតិបរមា ៣៥ ស.ម។ វាធ្វើចរាចរផ្លាស់ទីចុះមកតំបន់វាលទំនាបលិចទឹក ព្រៃលិចទឹក ដើម្បីពង-កូន ចាប់ពី ខែឧសភា ដល់ ខែសីហា ដោយបណ្តែតតាមចរន្តទឹក។ ត្រីកាហែលឿង ជាប្រភេទ «តិណាសី» ពោលគឺប្រភេទត្រីស៊ីរុក្ខជាតិ វារិជាតភាគច្រើន។ ប៉ុន្តែ ម្តងម្កាល វាស៊ីសត្វល្អិត ជន្លេន កូនត្រី កូនក្តាម កំពឹសជាអាហារផងដែរ។

ដោយសារមានការនេសាទហួសកម្រិតពីអតីតកាល និងទៅអនាគតការបាត់បង់ និងការប្រែប្រួលទីជម្រក ការបាត់បង់ព្រៃលិចទឹក ការសាងសង់ទំបន់វារីអគ្គិសនី ទំនងជា បញ្ហាអវិជ្ជមាន ដែលបន្តប៉ះពាល់ដល់ជីវិតមច្ឆាប្រភេទនេះ និងប្រភេទផ្សេងទៀតនាពេល បច្ចុប្បន្ន និងទៅអនាគត៕

ដោយ ណយ នឿន (ប្រភព៖ Wonders of the Mekong)