កម្ពុជា-ឥណ្ឌូណេស៊ី ប្ដេជ្ញាជំរុញកញ្ចប់ទេសចរណ៍ថ្មីៗរួមគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ

AKP សៀមរាប ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ — កម្ពុជា-ឥណ្ឌូនេស៊ី ប្ដេជ្ញាជំរុញកញ្ចប់ទេសចរណ៍ថ្មីៗរួមគ្នាបន្ថែម ដើម្បីជំរុញទំហំពាណិជ្ជកម្ម ខណៈភាគីទាំងពីរទើបចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងហ្សាការតា និងរាជធានីភ្នំពេញ នឹងជំរុញឱ្យមានកំណើនភ្ញៀនទេសចរ។

ក្នុងពិធីផ្សព្វផ្សាយទេសចរណ៍ឥណ្ឌូណេស៊ី នៅសណ្ឋាគារសូហ្វីតែលអង្គរភូកេត្រា ខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួង​ទេស​ចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍​ឥណ្ឌូណេស៊ី បានប្រកាសប្តេជ្ញាជំរុញឱ្យមានកញ្ចប់ខ្សែទស្សនកិច្ចថ្មីៗរវាងកម្ពុជា និងឥណ្តូណេស៊ីបន្ថែម​ទៀត ខណៈបច្ចុប្បន្នកម្ពុជា កំពុងមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ សម្រាប់​វិនិយោគិន និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិ និងប្រជាជននៃប្រទេស​ទាំងពីរកាន់តែមានភាពប្រសើរឡើង។ ឯកឧត្តមបន្តថា បើទោះបីជាកម្ពុជាទទួលបានទេសចរ​ឥណ្ឌូណេស៊ីតែ ៥៥.៧៥៣នាក់ និងទេសចរកម្ពុជាទៅទស្សនាឥណ្ឌូណេស៊ីមានត្រឹមតែ ៨.៨១៩នាក់ កើន៣១ភាគរយ នៅឆ្នាំ២០១៨ ក៏ដោយ តែក្រសួងមានសុទិដ្ឋិនិយមថា ក្រោយ​ពីការចាប់ផ្តើមហោះហើរត្រង់រវាងទីក្រុងហ្សាការតា និងរាជធានីភ្នំពេញ នឹងជំរុញ​ឱ្យមាន​កំណើនភ្ញៀវទេសចរបន្ថែមទៀត។ ឯកឧត្តមជឿជាក់ថា កត្តារួមផ្សំផ្សេង​ទៀតដែល នឹងចូល​រួមជំរុញកំណើនទេសចររវាងប្រទេសទាំងពីរនេះ រួមមាន៖ ការរៀបចំ​សិក្ខាសាលា ស្តីពីការ​ផ្សព្វ​​ផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈប្រព័ន្ធឌីជីថល និងការដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវ Mobile Application «Kingdom of Wonder» ជាពិសេស​ការរៀបចំសិក្ខាសាលា​ស្តីពីការផ្សព្វផ្សាយទេសចរណ៍ឥណ្តូណេស៊ីនៅកម្ពុជានាថ្ងៃនេះ ដែល​នឹង​ធ្វើឱ្យលំហូរទេសចរ​នៃប្រទេសទាំងពីរនឹងមានការកើនឡើងខ្ពស់។ ឯកឧត្តមបាន​គូសបញ្ជាក់ថា គោលបំណង​ចម្បងនៃព្រឹត្តិការណ៍នេះ គឺការបង្កើនទំនាក់​ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេស​ទាំងពីរ ជាពិសេសក្នុងវិស័យទេសចរណ៍ ការផ្តល់ឱកាសធុរកិច្ច ការពង្រឹងបណ្តាញរវាង​ទីភ្នាក់ងារ និងប្រតិបត្តិករទេសចរណ៍នៃ​ប្រទេស​ទាំងពីរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានសហការរៀបចំដោយស្ថានទូតសាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ឥណ្តូណេស៊ី ដោយមានការអញ្ជើញចូល​រួមពី ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា និងឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា៕

ដោយ ម៉ៅ ចរិយា