សេវាសុខាភិបាលគាប់ប្រសើរ ទោះមានការផ្ទុះជម្ងឺគ្រុនឈាម

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ –អ្នកជម្ងឺមកថ្មីត្រូវនាំទៅកន្លែងទំនេរចុងក្រោយ ដែលមានអ្នកជម្ងឺច្រើនហើយដែរ នៃសាលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកុមារជាតិ គឺជាន់ទីបីនៃអគារថ្មីស្រឡាងហើយខ្ពស់ជាងគេនៅទីនោះ ដែលមានស្លាកសរសេរថា “អគារមិត្តភាពកម្ពុជា កូរ៉េ”។

បន្ទប់សម្រាកគ្រប់ប្រភេទពេញអស់ហើយ នៅមានទំនេរតែផ្ទៃខាងមុខបន្ទប់ ចម្ងាយប្រហែល១២ជំហានពីជណ្តើរយន្ត ហើយដែលមានការបោសសម្អាតរៀងរាល់ពីរទៅបីម៉ោងម្តង។ ផ្លូវដើរនៅមុខបន្ទប់ដែលមានទំហំទទឹងជាងបីម៉ែត្រ ថយមកនៅសល់ត្រឹមប្រមាណមួយម៉ែត្រប៉ុណ្ណោះ ដោយសារគ្រែ និងពូកអ្នកជម្ងឺនៅសងខាង។ កុមារអាយុពីប្រាំពីរខែ ដល់១៦ឆ្នាំ ភាគច្រើនខ្លួនទទេកំពុងគេងលើគ្រែ និងពូកទាំងនោះ ហើយដៃពួកគេភ្ជាប់ទៅនឹងខ្សែនៃសេរ៉ូមដែលបន្តោកជាប់បង្គោលដែកក្បែរនោះ។

ក្នុងមន្ទីរពេទ្យរដ្ឋមួយនេះដែលស្ថិតនៅតាមបណ្តាយវិថីសហព័ន្ធរុស្សី ក្នុងខណ្ឌទួលគោក ឪពុកម្តាយ និងគ្រួសារនៃកុមារដែលពិនិត្យឃើញមានមេរោគគ្រុនឈាមដែលទើបនឹងចូលមកសម្រាកពេទ្យហាក់មានកម្លាំងនៅឡើយ ទោះពួកគាត់មានទឹកមុខបារម្ភ និងមិនសប្បាយចិត្ត។ សម្រាប់ឪពុកម្តាយដែលបានស្នាក់នៅទីនោះពីរបីថ្ងៃរួចហើយ ហាក់ដូចជាស្ងប់ស្ងាត់ហើយមិនសូវបារម្ភ ទោះពួកគាត់មើលទៅអស់កម្លាំងដោយសារមិនបានសម្រាកគ្រប់គ្រាន់។

ខណៈដែលឪពុកម្តាយដទៃមកស្នាក់នៅមន្ទីរពេទ្យតែជាមួយកូនដែលឈឺ លោក អឹង ផល និងភរិយារបស់គាត់នាំកូនស្រីទាំងបី ដែលក្នុងនោះកូនបងអាយុ១២ឆ្នាំមានជម្ងឺគ្រុនឈាម មកស្នាក់នៅពេទ្យទាំងអស់គ្នា។​ លោក ផល ដែលជានាយប៉ូលីសប៉ុស្តិ៍វាលរេញ នៃខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “កម្តៅកូនខ្ញុំដំបូងឡើងត្រឹម៣៨អង្សា បន្ទាប់មកដល់៤០អង្សា។ ខ្ញុំជូនកូនទៅគ្លីនិកនៅវាលរេញ ទៅមកៗពីរបីសារ។ ក្រោយមកកូនខ្ញុំឡើងអុចៗក្រហមលើដៃ និងខ្លួន។ ពេទ្យនៅវាលរេញប្រាប់ថា យកល្អខ្ញុំគួរនាំកូនមកពេទ្យភ្នំពេញ ដើម្បីសុវត្ថិភាព។”

ពេលនោះលោកផល និងភរិយាគាត់គ្មានពេលច្រើនទៀតទេ បើគាត់មិនចង់បាត់បង់កូនស្រីជាទីស្រលាញ់។ គាត់ក៏សម្រេចចិត្តចេញដំណើរពីវាលរេញនៅម៉ោង៩យប់ បើកបរចម្ងាយផ្លូវ១៨៣គីឡូម៉ែត្រ ហើយមកដល់មន្ទីរពេទ្យកុមារជាតិនាម៉ោង២ភ្លឺនៃថ្ងៃបន្ទាប់។

គាត់បានបន្តថា “ខ្ញុំសំដៅមកទីនេះតែម្តងព្រោះអ្នកនៅស្រុកខ្ញុំជឿជាក់លើពេទ្យនេះ។ ឆ្នាំមុន ក្មួយស្រីខ្ញុំកើតគ្រុនឈាមធ្ងន់មែនទែន។ គេថា ឈាមក្មួយខ្ញុំហ្នឹងកកហើយ។ ឪពុកម្តាយទឹកភ្នែក អស់សង្ឃឹមរលីង។ ប៉ុន្តែទីបំផុតក្មួយខ្ញុំបានជាដោយមកសម្រាកពេទ្យនេះ។”

កូនស្រីលោកផល និងក្រុមគ្រួសារគាត់ បានសម្រាកនៅពេទ្យកុមារជាតិប្រាំយប់ហើយ ដោយគេងលើប៉ៅអ៊ីមួយ និងពូកមួយនៅសងខាងផ្លូវក្បែរមន្ទីរពិសោធន៍នៅទីនោះ គឺគ្រប់គ្រាន់សម្រាប់ពួកគាត់ទាំងប្រាំនាក់។ លោក ផល បានបន្ថែមដោយពេញចិត្តថា “ខ្ញុំយល់ថា មានអ្នកជម្ងឺច្រើនណាស់ ដូច្នេះគ្មានបន្ទប់សម្រាប់គ្រប់គ្នាទេ។ ហើយខ្ញុំឃើញគ្រូពេទ្យទាំងអស់គាត់យក់ចិត្តទុកដាក់ដល់គ្រប់គ្នា រួមទាំងកូនស្រីរបស់ខ្ញុំដែរ។”

លោកស្រី គឹម ភក្តី ធ្វើការនៅមន្ទីរពេទ្យកុមារជាតិជាង២៧ឆ្នាំហើយ។ ទោះជាគាត់មិនអាចចែករំលែកស្ថិតិនៃអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យបានក្តី គាត់ថាគ្រាន់តែថ្ងៃសុក្រមួយនោះ មានអ្នកជម្ងឺគ្រុនឈាមរាប់សឹបនាក់មកកាន់មន្ទីរពេទ្យ។ លោកស្រីរៀបរាប់ថា “គ្មានកន្លែងណាដែលល្អឥតខ្ចោះនោះទេ។ ឪពុកម្តាយតែងមួម៉ៅ និងបារម្ភពីកូនដែលឈឺសម្រាកទីនេះ។ ក្នុងនាមជាបុគ្គលិកពេទ្យពួកខ្ញុំខំអស់សមត្ថភាពដើម្បីមើលអ្នកជម្ងឺ។ ខ្ញុំសារភាពថាពេលខ្លះពួកខ្ញុំហត់ ហើយមួម៉ៅ ជាពិសេសពេលមានអ្នកជម្ងឺបុកមកច្រើន។ តែពួកខ្ញុំតែងខំទប់អារម្មណ៍តាមដែលអាចធ្វើទៅបាន។”

ពេលដែលគាត់យកកូនប្រុសអាយុពីរឆ្នាំរបស់គាត់មកសម្រាកនៅមន្ទីរពេទ្យកុមារជាតិកាលពីខែកុម្ភៈ លោកទិត្រ វិរិន្រ្តា ភរិយា និងកូនស្នាក់នៅក្នុងបន្ទប់ VIP មានម៉ាស៊ីនត្រជាក់ និងបរិក្ខាទំនើបផ្សេងៗ។ ទោះបីជាពេលនេះគាត់មកដល់មន្ទីរពេទ្យ ហើយឃើញក្មួយស្រីរបស់គាត់សម្រាកព្យាបាលនៅក្រៅបន្ទប់ និងមានអ្នកដទៃយ៉ាងច្រើនដែរនោះ ក៏លោក វិរិន្ត្រា ដែលជាមន្រ្តីមួយរូបនៅទីស្តីការគណៈរដ្ឋមន្រ្តីមានគំនិតវិជ្ជមានថា “តាមពិត ខ្ញុំប្រាប់បងខ្ញុំឲ្យយកកូនគាត់មកទីនេះព្រោះខ្ញុំពេញចិត្តនឹងសេវាកម្មរបស់មន្ទីរពេទ្យ។ ពួកខ្ញុំអត់ខកចិត្តអីទេ ទោះអ្នកជម្ងឺច្រើនហើយគ្មានបន្ទប់សម្រាកក៏ដោយ។ អ្នកមកមុនគេបានបន្ទប់សម្រាកល្អ។ អ្នកមកក្រោយគួរយោគយល់។ ឲ្យតែគ្រូពេទ្យគាត់យកចិត្តទុកដាក់មើលកូនយើងបានល្អ គឺល្អណាស់ហើយ។”

សម្រាកនៅលើពូក ក្បែរកន្លែងពិនិត្យឈាម គឺអ៊ំស្រី ខែម ជិន អាយុ៧២ឆ្នាំ។ អ៊ំស្រីកំពុងលេងជាមួយចៅរបស់គាត់ដែលទើបមានអាយុ៧ខែ។ ចៅស្រីសើចយ៉ាងសប្បាយជាមួយយាយ ទោះដៃឆ្វេងរបស់នាងនៅជាប់នឹងខ្សែសេរ៉ូមកំពុងស្រក់មួយដំណក់ម្តងៗក្តី។

កូនអ៊ំស្រី ជិន និងស្វាមីរបស់គាត់មកធ្វើការនៅរោងចក្រសម្លៀកបំពាក់នៅជាយក្រុងភ្នំពេញ ដោយទុកកូនរបស់ពួកគេឲ្យរស់នៅជាមួយ អ៊ំស្រី ជិន ឯផ្ទះក្នុងខេត្តពោធិ៍សាត់។ អ៊ំស្រីបានមានប្រសាសន៍ថា “ចៅស្រីខ្ញុំក្តៅខ្លួនខ្លាំងណាស់។ ខ្ញុំភ័យ ហើយសម្រេចចិត្តយកចៅមកសម្រាកពេទ្យនៅភ្នំពេញ ព្រោះវាល្អជាងនៅខេត្ត។ ខ្ញុំមិនចង់ឲ្យកូនខ្ញុំខឹងខ្ញុំបើមានរឿងអីកើតឡើងចំពោះចៅខ្ញុំ។ ឥឡូវ ចៅខ្ញុំបានគ្រាន់បើច្រើនហើយ។ ខ្ញុំដូចជាកក់ក្តៅពេលឃើញពេទ្យគេទៅមក យកចិត្តទុកដាក់មើលចៅ។”

ក្រសួងសុខាភិបាលកន្លងមកបានចេញសេចក្តីប្រកាសជាច្រើនអំពីការរីករាលដាលនៃជម្ងឺគ្រុនឈាម ដោយមានទាំងបង្ហាញវិធានការការពារនានា ដល់សាធារណៈជន។ ក្រសួងក៏បានផ្តល់ការណែនាំផេ្សងៗដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យទាំងឡាយផងដែរ។ ចាប់តាំងពីខែមករាមក ប្រទេសកម្ពុជា មានករណីជម្ងឺគ្រុនឈាមប្រមាណជាង ២១.១៣០ ករណី ហើយវាបានសម្លាប់មនុស្ស២៥នាក់។ ចំនួននេះគឺច្រើនឡើងជាងប្រាំដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងឆ្នាំ២០១៨ មានករណីគ្រុនឈាមចំនួន២៤.៦៨៤ និងសម្លាប់មនុស្ស២៣នាក់ ហើយកាលពីឆ្នាំ២០១៧ មានករណីគ្រុនឈាមចំនួន៦.៣៧២ ដោយសម្លាប់មនុស្ស៣នាក់។ ករណីគ្រុនឈាមភាគច្រើនកើតនៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ព្រះវិហារ សៀមរាប ក្រចេះ កំពង់ធំ កំពង់ចាម ឧត្តរមានជ័យ និងបន្ទាយមានជ័យ។

ជាគ្រូពេទ្យម្នាក់ លោកស្រី គឹម ភក្តី សង្កេតឃើញមានការរីកចម្រើនទាំងក្នុងចំណោមគ្រួសារអ្នកជម្ងឺ និងគ្រូពេទ្យ ហើយគាត់មានសុទិដ្ឋិនិយមថាស្ថានភាពនេះនឹងកាន់តែល្អប្រសើរថែមទៀតនាពេលខាងមុខ។ លោកស្រីបានអះអាងថា “ប្រជាពលរដ្ឋយើងឥឡូវយល់ដឹងច្រើនណាស់អំពីជម្ងឺគ្រុនឈាម។ ជាពេទ្យម្នាក់ខ្ញុំសប្បាយចិត្ត។ ពួកគាត់មួយចំនួនធំក៏យល់ពីការលំបាករបស់មន្ទីរពេទ្យដែរ ជាពិសេសពេលអ្នកជម្ងឺបុកមកច្រើនដូចរយៈពេលកន្លងមក។ ពួកគាត់ស្តាប់ និងធ្វើតាមដែលពេទ្យប្រាប់។ វាសំខាន់ណាស់។ ខ្ញុំជឿថាសេវាសុខាភិបាលនឹងបន្តរីកលូតលាស់បន្ថែមទៀត។”

អ៊ំស្រី ខែម ជិន សប្បាយចិត្តខ្លាំងណាស់ ដោយពេទ្យទើបតែប្រាប់ថា ចៅគាត់អាចចេញពីមន្ទីរពេទ្យបានហើយ ចំណែកឯកូនស្រី លោក អឹង ផល វិញ នាងត្រូវសម្រាកពេទ្យមួយយប់ទៀត ដើម្បីឲ្យពេទ្យតាមដានឲ្យច្បាស់ថានាងបានជាសះស្បើយពីជម្ងឺដ៏កាចសាហាវនេះ មុននឹងអនុញ្ញាតឱ្យនាងចេញ។

នាពេលនេះ ពួកគាត់ទាំងអស់គ្នា ក៏ដូចជាអ្នកគ្រួសារអ្នកជម្ងឺដទៃដែលកំពុងសម្រាកនៅពេទ្យ ដល់ពេលបើកអាហារូបត្ថម្ភដែលចែកជូនដោយមិនគិតកម្រៃពីពេទ្យដើម្បីបញ្ចុកកូនៗចៅៗដែលឈឺ។ ម្នាក់ៗមានទឹកមុខរីករាយ។

កម្ពុជា មិនមែនជាប្រទេសតែមួយក្នុងតំបន់ ដែលកំពុងទទួលរងនូវការផ្ទុះឡើងនៃជម្ងឺគ្រុនឈាមនោះទេ។ បើតាមរបាយការណ៍កន្លងទៅពីប្រព័ន្ធឆ្លើយតប និងតាមដានជម្ងឺទូទៅរបស់ប្រទេសហ្វីលីពីន (Philippines Integrated Disease Surveillance and Response) ប្រទេសនេះមានករណីគ្រុនឈាម ១០៦.៦៣០ រាប់ចាប់ពីដើមខែមករា ដល់ចុងខែមិថុនា​ ដោយជម្ងឺនេះបានសម្លាប់មនុស្សប្រមាណ៤៥៦នាក់ហើយ។

ដោយ សូឡី