ឯកឧត្តម គន់ គីម ចុះពិនិត្យ និង ជួយសង្គោះស្រូវប្រជាកសិករដែលកំពុងជួបគ្រោះរាំងស្ងួតក្នុងខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ -ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្រ្តីជំនាញបច្ចេកទេស(គ.ជ.គ.ម) អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងប្រធានមន្ទីពាក់ព័ន្ធនានាជុំវិញខេត្ត ចុះពិនិត្យស្ថានភាពជាក់ស្តែង និងធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាកសិករប្រមាណជា ៨៨០ហិកតា ដែលកំពុងជួបគ្រោះរាំងស្ងួត កាលពី ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

លោក ញឺន គួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានបង្ហាញពីផែនទី នៃទីតាំងចំណុចដែលកំពុងត្រូវបានជួយសង្គ្រោះ យើងមានតែប្រឡាយមេ តែយើងមិនមានប្រឡាយតូចៗដែលត្រូវនាំទឹកទៅដល់ស្រែប្រជាកសិករនៅឡើយទេ យើងបានត្រឹមបញ្ជូនទឹកនៅតំបន់ដែលជិតប្រឡាយមេ និងតំបន់ទំនាបមួយចំនួនប៉ុណ្ណោះ។ ដោយឡែកនៅភូមិពង្រ គឺពុំមានបញ្ហាទេ ដោយសារភ្លៀងធ្លាក់ជាប់រហូត ហើយពួកគាត់បានយកថ្នាំទៅបាញ់សម្លាប់សៅ្ម ប៉ុន្តែក្រោយពីបាញ់ហើយអត់ភ្លៀង បានធ្វើឱ្យស្រូវរបស់ពួកគាត់គ្រាន់តែខ្លោចខាងលើតែប៉ុណ្ណោះ បើមានភ្លៀងធ្លាក់ក្នុងរយៈពេល២ ឬ៣ថ្ងៃទៀត គឺរស់បានធម្មតាវិញហើយ ។ លោកប្រធានមន្ទីរក៏បានជម្រាប់ជូនឯកឧត្តមទេសរដ្ឋមន្ត្រីផងដែរ អំពីគម្រោងដែលជាជំនួយជាបន្តបន្ទាប់ដូចជា ចិន ជប៉ុន និង ADB ជាដើម ។

ឯកឧត្តម គន់ គីម ក៏បានជំរុញឱ្យខាងមន្ទីរធនធានទឹកជួយចេញថ្លៃប្រេង ហើយឱ្យពួកគាត់យកម៉ាស៊ីនតូចៗរបស់ពួកគាត់បូមដាក់បន្តតាមស្រែរៀងៗខ្លួន ចំណែកខាងមន្ទីរជួយតែប្រេង និងបច្ចេកទេស។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ថ្លែងកោតសរសើរ និងអរគុណចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ដែលជាសេនាធិការ ដ៏ល្អរបស់សម្តេចតេជោ ដែលបានណែនាំឱ្យប្រធានមន្ទីរធនធានទឹកខេត្តនាំយកម៉ាស៊ីនបូបទឹកចំនួន ៥គ្រឿងជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ដែលជួបបញ្ហាកង្វះខាតទឹកដែលកំពុងជួបប្រទះនាពេលនេះបានឆាប់រហ័ស និងទាន់ពេលវេលា ៕

ដោយ ទិត ស្រ៊