ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជូនដំណើរសាសនិកឥស្លាម១០០នាក់ទៅប្រារព្ធពិធីបុណ្យហាជ្ជីនៅ​ប្រទេ​ស​អារ៉ាប៊ីសាអូឌីត                                 

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួល​បន្ទុ​ក​បេ​សកកម្មពិសេស បានជូនដំណើរ បងប្អូនសាសនិកឥស្លាម ១០០នាក់ ចេញដំណើរ​ទៅប្រារ​ព្ធពិធី​បុណ្យ​ហាជ្ជី​​សាសនាឥស្លាមនៅទីក្រុងម៉ាក្កះប្រទេសអារ៉ាប៊ីសាអូឌីត ។ ការចេញដំណើរនេះនឹងមានជាបន្តបន្ទាប់ រហូតដល់ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ខណៈ​មក​ដល់​ពេល​នេះ មានអ្នកចេញដំណើរជាង២០០នាក់ ហើយ។ ពិធីជូនដំណើរនេះ បានប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​អា​ទិ​ត្យ​៥រោចខែអាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៩ នៅ​អាកា​ស​យា​ដ្ឋា​ន​អ​ន្ដ​រជាតិភ្នំពេញ ។

ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី បានឱ្យដឹងថា ឆ្នាំនេះ កម្ពុជាមានអ្នកទៅធ្វើបុណ្យ​ហាជ្ជី​នៅ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ១២១០នាក់ ចំណាយថវិកាប្រមាណ៤៨000 00 ដុល្លារអាមេរិក។

ឯកឧត្ដមបន្តថា ឆ្នាំនេះបងប្អូនបានចុះឈ្មោះជិត១៥00នាក់តែដោយការខិត​ខំប្រឹងប្រែង​របស់រដ្ឋា​ភិបា​ល​​យើងប្រទេសអារ៉ាប៊ីសាអ៊ូឌីត​បានអនុគ្រោះដោយបានកំណត់អោយដល់ទៅ១២00នាក់ ដោយ​មិន​ទាន់​កំ​ណ​ត់​កូតា បើតាមការកំណត់កូតា កម្ពុជាយើងមានប្រមាណតែជាង ៦00នាក់ប៉ុណ្ណោះ។ យើងទទួល​បាន​ទិ​ដ្ឋាការរួចហើយ១១២0នាក់ នៅសល់តែ៩0នាក់ និងដោះស្រាយបន្ត។ បងប្អូនដែលទទួល​បាន​ការ​ឧប​ត្ថ​ម្ភចំនួន២0នាក់ រួមមាន​ ស្តេចសាល់ម៉ាន ព្រះមហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីត បានឧបត្ថម្ភ១0នាក់ ជាភ្ញៀវរបស់ព្រះអង្គ(ម្នាក់ចំណាយជិត ១0,000 ដុល្លារ) សប្បុរសជនតាមរយៈស្ថានទូត អារ៉ាប់ រួម​អេមីរ៉ាត​៦នាក់ ឯកឧត្ដម កែវ រតនៈ ចំនួន២នាក់ និងសមាគមពិភព នៃក្ដីមេត្តាចំនួន ២នាក់។

សូមបញ្ជាក់ថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំសាសនិកឥស្លាមនៅទូទាំងពិភពលោកពីគ្រប់ទិសទីប្រមាណ​៣​លា​ននាក់ អញ្ជើញទៅប្រារព្ធបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។   នៅឆ្នាំ​២០១៩​នេះ ពិធី​បុណ្យ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា រយៈពេលមួយសប្តាហ៍ សម្រាប់អ្នកដែលគ្មាន​លទ្ធ​ភា​ព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕

ដោយ៖ សំរិត