ឯកឧត្ដម ឃួង ស្រេង អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ស្រឡាញ់ដើមឈើ ដូចស្រឡាញ់កូនចៅនៅក្នុងក្រុមគ្រួសារ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ស្រឡាញ់ដើមឈើ ដូចស្រឡាញ់កូនចៅនៅក្នុងក្រុមគ្រួសារ ដើម្បីជួយលើកកម្ពស់គុណភាពបរិស្ថាន និងសោភណភាពនៅក្នុងទីក្រុង។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំ ឱ្យប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងស្ថាប័នពាក់ព័ន្ធទំាងអស់ត្រូវរួមគ្នាថែរក្សា ការពារដើមឈើ នៅតាមភូមិឋាន សាលារៀន វត្តអារាម តាមសួនច្បារ និងផ្លូវសាធារណៈឱ្យបានល្អ ព្រោះដើម ឈើមាន គុណប្រ យោជន៍យ៉ាងខ្លំាងសម្រាប់បរិស្ថាន និងមនុស្សជាតិ។

ឯកឧត្ដមបានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ ៤២០០ដើម និងពិធីអបអរសាទរបុណ្យរុក្ខទិវា០៩កក្កដា ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើង នៅព្រឹកសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះនៅក្នុងបរិវេណវត្តនិគ្រោធវ័ន “ហៅវត្តគល់ទទឹង” ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តមបានបន្តថា  ដើមឈើគឺជាធនធានធម្មជាតិដ៏សំខាន់ដែលបាន បង្កើតគម្រប បៃតង ហើយជួយកម្ចាត់ជាតិពុលនានា នៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ក៏បានណែនាំឱ្យ មេព្រៃក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវរួមគ្នាថែរក្សាដើម ឈើដែលបានដាំហើយនៅក្នុងរាជធានីភ្នំពេញឱ្យបានល្អ ហើយត្រូវធ្វើរបាយការណ៍ ពីស្ថានភាពដើមឈើទំាងនោះឱ្យបានជាប់ជាប្រចាំ រៀង រាល់៦ខែម្តង ដើម្បីថែរក្សាការពារ ដើមឈើ ទំាងនោះឱ្យបានរីកលូតលាស់ល្អសម្រាប់កូនចៅជំនាន់ក្រោយទៀត។

ឯកឧត្ដមបានបន្ដថា ដើមឈើនេះវាជាអ្នកទ្រទ្រង់ឱ្យដល់កូនចៅជំនាន់ក្រោយរបស់ យើងបានរស់នៅប្រកបដោយចីរភាព នេះជាសារៈសំខាន់នៃដើមឈើ។ ដូច្នេះប្រជាពលរដ្ឋ ទំាងអស់ដែលធ្លាប់មានកូនចៅ ហើយស្រឡាញ់កូនចៅរបស់ខ្លួន សូមឱ្យស្រឡាញ់ ដើមឈើ ប្រៀបបាននឹងកូនរបស់ខ្លួន ត្រូវថែទាំវាឱ្យបានល្អ ដាក់ជីពូនគល់ និងស្រោចទឹកជាដើម។

លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ បានឱ្យ ដឹងថា ដើម្បីអបអរសាទរទិវាដាំដើម ឈើដែលជាប្រពៃណីជាតិឆ្នាំ២០១៩នេះ រដ្ឋបាល រាជធានីភ្នំពេញបាន ដាំដើមឈើចម្រុះប្រភេទឈើគ្រញូង នាងនួន ធ្នង់ គគីរ ឈើទាល រាំងភ្នំ គីនីន ត្របែកព្រៃ ក្ងោក និងខ្ទរសរុបចំនួន ៤២០០ដើម នៅតាមវត្តអារាម សាលារៀន និងដង ផ្លូវសាធារណៈ។

លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញក៏បានផ្តល់កូនឈើចម្រុះប្រភេទឈើ គ្រញូង នាងនួន បេង ធ្នង់ គគីរ ឈើទាល គីនីន រាំងភ្នំ រាំងទឹក ស្វាយ និងខ្ទរ សរុប ប្រមាណ៤២០០ដើម ដើម្បីប្រគេនព្រះសង្ឃនិងចែកជូនបងប្អូនប្រជាពលរដ្ឋមកពីរដ្ឋបាល ខណ្ឌទាំង១៤ ដើម្បីយកទៅដាំនៅតាមទីវត្តអារាមដងផ្លូវទីសាធារណៈ និងលំនៅឋាននៅ តាមមូលដ្ឋានរៀងៗខ្លួនផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍អបអរសាទរបុណ្យ រុក្ខទិវាជារៀងរាល់ឆ្នាំដូចបណ្តាខេត្តដទៃដែរ ដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ឱ្យរួមគ្នាការពារធនធានព្រៃឈើតាមព្រះរាជបវេណីដ៏គំរូរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ៕

ដោយ សួស សំរិត