ឯកឧត្តម ស សុខា ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាកីឡា សាកលវិទ្យាល័យអាស៊ាន អាណត្តិ ឆ្នាំ២០២០-២០២១

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ -ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន សហ ព័ន្ធ​កីឡា​សិស្ស-និស្សិតកម្ពុជាត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យ​អាស៊ាន អាណត្តិឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ជាផ្លូវការហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មការ បច្ចេកទេសក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន នៅខេត្តស៊ីមម៉ារ៉ាង ប្រទេសឥណ្ឌូណេ​ស៊ី កាលថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០១៩ មុនការប្រកួតកីឡាសិស្សអាស៊ាន នៅប្រទេស​ឥណ្ឌូណេ​ស៊ីនេះដែរ។ ការប្រកាសតែងតាំងឯកឧត្តម ស សុខា មានការចូលរួមពីគណៈ កម្មាធិការប្រតិបត្តិរបស់ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន រួមទាំងប្រតិភូ និងថ្នាក់ដឹក នាំកម្ពុជា ដោយមានការចូលរួមផ្ទាល់ពីឯកឧត្តម ស សុខា ដោយតំណែងនេះ ឯកឧត្តម បាន​ទទួលការគាំទ្រ តាំងពីកម្ពុជាទទួលរៀបចំប្រកិច្ចប្រជុំ កាលពីមិថុនា កន្លងទៅម្លេះ បន្ទាប់ពី​លោកជំទាវអនុរដ្ឋលេខាធិការក្រសួងអប់រំ នៃប្រទេសព្រុយណេ ដែលជាប្រធានអាណត្តិមុន បានផុតអាណត្តិរបស់ខ្លួន ហើយសមាជិកគណៈកម្មាធិការប្រតិបត្តិបានគាំទ្រលោក ស សុខា ធ្វើជាប្រធានតែម្ដង។

ជាមួយគ្នានេះ ព្រឹត្តិការណ៍កីឡាសិស្សធម្យមសិក្សាអាស៊ានអាយុក្រោម១៨ឆ្នាំ (ASEAN School Games) លើកទី១១ ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូណេស៊ី បានដំណើរ​ការ​ប្រកួតពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះសហព័ន្ធកីឡាសិស្ស-និស្សិត​កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនី យុវជនរបស់ខ្លួនចំនួន៤៤នាក់ លើ៥ប្រភេទកីឡា ដូចជាហែលទឹក វាយសី អត្តពលកម្ម វាយកូនឃ្លីលើតុ​ វាយកូនបាល់៕

ដោយ ហេង ណាលីន