កិច្ចប្រជុំត្រួតពិនិត្យ រៀបចំផែនការសកម្មភាពលុបបំបាត់គ្រឿងញៀននៅតាមក្លិបកម្សាន្តនិងទីតាំងសប្បាយនានាក្នុងខេត្ត

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ -នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ គណ:កម្មការគ្រឿងញៀនខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិ និត្យ និងរៀបចំផែនការសកម្មភាពលុបបំបាត់គ្រឿងញៀននៅតាមក្លិបកម្សាន្តនិងកន្លែងសប្បាយនានាក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រុង ស្រុក និងអាជ្ញាធរក្នុងខេត្តជាច្រើនរូបផងដែរ ។

កិច្ចប្រជុំផ្តោតលើទិសដៅ និងសកម្មភាពផែនការអនុវត្តន៍រយៈពេល ៥ខែ គឺចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៩ ដោយ​ធ្វើ​ការប្ដេជ្ញាចិត្ត​រួម​គ្នា​ខិតខំប្រឹងប្រែងអនុវត្តន៍ឱ្យបានសម្រេ ចតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ក្នុង​ផែនការលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀននៅតាមក្លិប កម្សាន្ត និងទីតាំងសប្បាយនានា ឱ្យបានទាំងស្រុងនាចុងឆ្នាំ២០១៩​នេះ ។

លោក​ គង់ វិតាណៈ អភិបាលរងខេត្ត​បាន​មានប្រសាសន៍ថា ដើម្បីធ្វើឱ្យទិសដៅនៃការប្ដេជ្ញាចិត្តខាងលើសម្រេចទៅបានប្រកបដោយភាពជោគជ័យគ្រប់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវផ្ដោត​ការយកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ​ ដោយអនុវត្តន៍វិធានការ២គឺ ទី១- កិច្ចការពាររបស់កងកម្លាំងសមត្ថកិច្ច។ ទី២-អនុវត្តន៍តាមអនុសាសន៍របស់សម្តេចក្រឡា ហោម ស ខេង ក្នុងការបើកយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមក្លិបកម្សាន្ត និងកន្លែងសប្បាយនានាក្នុងខេត្តព្រះសីហនុ។ ដូច្នេះកងកម្លាំងសមត្ថកិច្ច រួមមាន៖ កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ជាកម្លាំងស្នូលក្នុងការអនុវត្ត ត្រូវធ្វើតេស្តទឹកនោមលើអ្នកបើកបររថយន្តធុនធំ (កុងតឺន័រ) និងរថយន្តក្រឡុកស៊ីម៉ងត៍នៅក្នុងខេត្តព្រះសីហនុ ដើម្បីសម្រេចបាននូវវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមកឹ្លបកម្សាន្ត និងកន្លែងកម្សាន្តសប្បាយនានា យើងត្រូវធ្វើផែនការសកម្មភាពរយ:ពេល ៥ខែចុងឆ្នាំឱ្យទទួលបានជោគជ័យ ដើម្បីមានវិធានការជំនាញឈានទៅការបង្ក្រាប លុបបំបាត់គ្រឿងញៀននៅតាមក្លិបកម្សាន្តនិងកន្លែងកម្សាន្តនានាក្នុងខេត្តព្រះសីហនុ ពិសេសត្រួតពិនិត្យ អនុវត្តន៍ការងាររដ្ឋបាលនៅតាមក្លិបកម្សាន្ត ។

លោកអភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ស្រង់ស្ថិតិក្លិបកម្សាន្តនៅក្នុងមូលដ្ឋានរបស់ខ្លួន និងកំណត់មុខសញ្ញា គោលដៅស្រាវជ្រាវទីតាំងនៅក្នុងមូលដ្ឋានខេត្ត ក្រុង ស្រុក ព្រោះខេត្តព្រះសីហនុ ក៏ជាគោលដៅក្តៅក្នុងការអនុវត្តនូវយុទ្ធនាការ     បង្ក្រាបគ្រឿងញៀននៅតាមក្លិបកម្សាន្ត និងកន្លែងសប្បាយនានា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ត្រូវកំណត់ពីស្ថានភាពទូទៅ ទីតាំងជាក់លាក់មានការប្រើប្រាស់គ្រឿងញៀន និងតារាងសកម្មភាពការរងារ ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការធ្វើសកម្មភាពបង្ក្រាបលក្ខណៈទ្រង់ ទ្រាយធំរួមគ្នា ដើម្បីឈានទៅលុបបំបាត់គ្រឿងញៀននៅតាមក្លិបកម្សាន្ត និងកន្លែងកម្សាន្តនានាក្នុងក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តព្រះសីហុ ទទួលបានលទ្ធផលល្អ ៕

ដោយ ងូ សុមុនី