កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០១៩ និងលើកទិសដៅ អនុវត្តន៍ការងារបន្ត

AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែកក្កដា ​ឆ្នាំ២០១៩ -នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍ការងារបន្តរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង លោក កែវ ពៅ ប្រធានមន្ទីរសាធា   រណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានជំរុញ ឱ្យមន្រ្តីជំនាញទាំងអស់ត្រូវបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព និងទាន់ពេលវេលាលើ    វិស័យសាធារណការ និងដឹកជញ្ជូន ដែលវិស័យមួយនេះកំពុងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋក្នុងពេលដែលមកទទួលសេវាសាធារណៈនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្តនៅទូទាំងប្រទេស ។

លោក កែវ ពៅ មានប្រសាសន៍បន្តថា បច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានផ្តល់សេវាប្រកបដោយតម្លាភាព មិនលម្អៀង គ្មានការរើសអើងចំពោះសេវាសាធារណៈ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការផ្តល់ស្លាកលេខយានយន្ត ប្រឡងយកប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិ និងមានវិស័យជាច្រើនទៀត ដែលកំពុងប្រតិបត្តិការនៅក្នុងអង្គភាពរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន។

ពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវថ្នល់វិញ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា កន្លងមកនេះមន្រ្តីជំនាញនៃមន្ទីរសាធារណការខេត្តបានខិតខំបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់ ក្នុងការធ្វើឱ្យប្រសើរឡើងលើវិស័យផ្លូវថ្នល់ ទាំងការជួសជុល ការសាងសង់ ធ្វើយ៉ាងណាពង្រឹងគុណភាពជាចម្បង ដើម្បីធានាឱ្យបាននូវការប្រើប្រាស់ធនមាំ និងត្រូវសិក្សាដាក់ភ្លើងស្តុបក្នុងក្រុងកំពង់ឆ្នាំង ក្នុងការបញ្ចៀសកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ជាមួយគ្នានេះដែរលោក កែវ ពៅ ក៏បានផ្តាំផ្ញើដល់មន្រ្តីជំនាញត្រូវចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពស្តីពីច្បាប់ចរាចរណ៍ដល់គ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ឱ្យប្រជាពល រដ្ឋបានយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាបបំផុតក្នុងឆ្នាំ២០១៩នេះ ៕

ដោយ អ៊ុក សាផាន (ប្រភព មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)

រូបភាព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង