ឯកឧត្តម សាយ សំអាល់ ៖ សន្តិភាពជាកត្តាគន្លឹះនាំឱ្យមានឱកាសក្នុងការគិតគូរពេញ លេញពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ -សន្តិភាពជាកត្តាគន្លឹះនាំឱ្យមានឱកាស ក្នុងការគិតគូរពេញលេញពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សជាបេក្ខជនបេក្ខនារី ត្រៀមចូលប្រកួតវគ្គពាក់      កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៩ កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងបរិស្ថាន។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា កត្តាសន្តិភាពនេះគឺជួយឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន មានការយល់ដឹងច្រើន និងមានសេចក្តីប្រាថ្នាខ្ពស់ជាងមុន ដែលតម្រូវឱ្យសិស្សានុសិស្សមានការសិក្សា ច្នៃប្រឌិត ក្នុងការអភិវឌ្ឍសមត្ថភាព និងចំណេះដឹង ធ្វើជាសិស្សល្អ យុវជនល្អ និងពលរដ្ឋគំរូ សម្រាប់ប្រទេសជាតិទាំងមូល។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងកោតសរសើរដល់ប្អូនៗសិស្សានុសិស្ស ឱ្យមានការខិតខំប្រឹងប្រែងសិក្សានិងស្រាវជ្រាវបន្តទៀត ដើម្បីអប់រំសាធារណជនឱ្យយល់ដឹងអំពីបញ្ហា ដើម្បីស្វែងរកដំណោះស្រាយនានា និងដើម្បីចូលរួមអនុវត្តន៍ទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល ក្នុងគោលដៅថែររក្សាបាននូវការការពារ និងអភិរក្សបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

ជារៀងរាល់ឆ្នាំ ក្រសួងបរិស្ថានតែងតែរៀបចំនូវវេទិកាជជែកពិភាក្សាអំពីបរិស្ថាន ដើម្បីផ្តល់ឱកាសដល់យុវជននៅតាមបណ្តាសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សានានាធ្វើការសិក្សាស្រាវជ្រាវ និងចែករំលែកចំណេះដឹងរបស់ពួកគាត់ ទៅកាន់សាធារណជនទូទៅ ក្នុងគោលបំណងអប់រំណែនាំឱ្យចូលរួមចំណែកក្នុងការថែររក្សា អភិរក្សបរិស្ថាន និងផ្លាស់ប្តូរផ្នត់គំនិតចេះស្រឡាញ់បរិស្ថាន និងប្រតិបត្តិបរិស្ថានល្អ ដោយគិតមកដល់ឆ្នាំនេះ គឺជាការប្រកួតលើកទី៣៩ហើយ ។ដោយឡែកឆ្នាំនេះក្រសួងបរិស្ថានដែលមាននាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានសម្របសម្រួលរៀបចំវេទិកានេះ សម្រាប់សិស្សានុសិស្សកម្រិតវិទ្យាល័យ ក្នុងគោលបំណងដើម្បីធ្វើការបញ្ហាបចំណេះដឹងបន្ថែមដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សមានការយល់ដឹងច្រើនលើវិស័យ បរិស្ថាន និងចែករំលែកនូវចំណេះដឹងទាំងនោះទៅកាន់សាធារណជនផងដែរ ៕

ដោយ ពេជ្រ ណារិទ្ធ