ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងរោងចក្រ៣បន្ថែម ជាមួយនឹងឱកាសការងារ ជិត៣.០០០កន្លែង

AKP ភ្នំពេញ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ចំនួន៣ ដើម្បីបង្កើតជារោងចក្រ ក្នុងទុនវិនិយោគសរុប១១.៣ លានដុល្លារអាម៉េរិក ព្រមទាំង​អាច​​បង្កើតការងារជូនដល់ពលរដ្ឋរហូតដល់២.៧៤៨កន្លែង។ នេះបើយោងតាមគេហទំព័រផ្លូវ ការ​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងសេចក្ដីសម្រចបានបង្ហាញថា រោងចក្រ ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរចំនួន៣ក្រុមហ៊ុននោះ ផ្តោតសំខាន់ទៅលើរោងចក្រផលិត​កេសកាតុង, កាបូបនិងស្រោមដៃ, និងរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងទំហំទឹកប្រាក់ ១១.៣លានដុល្លារអាម៉េរិក ព្រមទាំងអាចបង្កើតការងារដល់ពលរដ្ឋរហូតដល់ ២.៧៤៨​កន្លែង។ ទន្ទឹមនេះ ដោយរោងចក្រទីមួយ គឺក្រុមហ៊ុន JIA YU AN PACKAGING MATERIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំង​វិនិយោគ​ស្ថិតនៅភូមិចាក់កាំបិត ឃុំវល្លិ៍សរ ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ​ប្រមាណ៤.៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៤៩កន្លែង។ ទី២ ក្រុមហ៊ុន NIU GENG DI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣.៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.៣៧៨កន្លែង។ ទី៣ ក្រុមហ៊ុន “CHUNLEI GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង​វិនិយោគស្ថិតនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានទុន​វិនិយោគ ២.៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន១.២២១កន្លែង៕

ដោយ ម៉ៅ ចរិយា