កូនឈើចម្រុះជាង២.០០០ដើម ត្រូវបានធ្វើពិធីដាំក្នុងបុណ្យរុក្ខទិវាឆ្នាំ២០១៩នេះ

AKP កំពង់ចាម ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ — កូនឈើចម្រុះគ្រប់ប្រភេទមាន កូនគគីរ គ្រញូង ឈើទាល និងកូនឈើហូបផ្លែប្រមាណជាង២.០០០ដើម ត្រូវបានយកទៅដាំ និងប្រគេនព្រះសង្ឃ ចែកជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកព្រៃឈរ យកទៅដាំនៅតាមវត្តអារាម ផ្ទះ និងបរិវេណដីសាធារណៈ ក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា ដែលរៀបចំដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមសហការជាមួយអាជ្ញាធរមូលដ្ឋាន។

ពិធីនេះប្រារព្ធនៅក្នុងបរិវេណនៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩  ក្រោមធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការចូលរួមដោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាមបានលើកឡើងថា បុណ្យរុក្ខទិវាជាតិ ៩កក្កដាថា គឺជាទិវានៃសកម្មភាពបំផុស នូវផ្នត់គំនិតដល់មហាជនទូទៅគ្រប់ស្រទាប់វណ្ណៈ ក្នុងសកម្មភាពដាំដុះកូនឈើឡើងវិញ និងការចូលរួមថែរក្សាការពារព្រៃឈើ សំដៅប្រែក្លាយធ្វើឱ្យភពផែនដីមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើឱ្យកាន់តែសម្បូរឡើងវិញ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ដើមឈើនិងព្រៃឈើបាន ផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់មនុស្សគ្រប់ៗរូប តាំងពីកើត រហូតដល់ស្លាប់ព្រោះថា នៅលើភពផែនដីយើងនេះមានព្រៃឈើអាចអត់មានមនុស្សរស់នៅបានបានតែបើអត់ព្រៃឈើមនុស្សមនុស្សមិនអាចរស់នៅបានឡើយ ដូចនេះយើងម្នាក់ៗរួមគ្នាដាំដើមឈើឡើងវិញ ព្រោះព្រៃឈើ វាជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកិច្ចការពារបរិស្ថានសំដៅទប់ស្កាត់ ការកើនឡើងកំដៅ នៃភពផែនដី និងភាពរាំងស្ងួត ក៏ដូចជាគ្រោះទឹកជំនន់ជាដើម។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានជំរុញ ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមទាំងអស់គ្នារួមគ្នាក្នុងការដាំដើមឈើ ដើម្បីប្រែ ក្លាយទៅជាកម្លាំងចលនាមួយចូលរួមដាំដើមឈើតាមគ្រប់រូបភាពឱ្យបានច្រើនជាអតិបរមា និងបណ្ដុះនូវផ្នត់គំនិតស្រឡាញ់ព្រៃឈើថែរក្សាការពារព្រៃឈើ ដើម្បីជាប្រយោជន៍របស់ជាតិ និងជារបស់យើងទាំងអស់គ្នា៕

ដោយ លោកឆាយ ម៉ុត