កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ គ្រោងនឹងធ្វើក្នុងខែសីហា ខាងមុខនេះ

AKPភ្នំពេញ ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៩ — កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ គ្រោង​នឹងប្រព្រឹត្តទៅនៅកម្ពុជាក្នុងខែសីហា ឆ្នាំ២០១៩ ខាងមុខ។ នេះបើតាមខ្លឹមកិច្ចប្រជុំពិគ្រោះ យោបល់នយោបាយរវាងកម្ពុជា-វៀតណាម លើកទី៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងកិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា-វៀតណាម លើកទី៦ ដឹកនាំដោយ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ង្វៀន គួកយុង(Nguyen Quoc Dung) អនុរដ្ឋមន្ត្រីការបរទេសវៀតណាម នៅទី ស្ដីការក្រសួងការបរទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ។ ភាគីទាំងពីរបានបើកកិច្ចពិគ្រោះ​យោ​បល់​នយោបាយដោយផ្អែកលើ«អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការបរទេសនិង ​សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម” ដែលបានចុះហត្ថលេខានៅឆ្នាំ២០០១ ក្នុងគោលបំណងពិនិត្យឡើង​វិញ វាយតម្លៃ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ។ ទន្ទឹមនេះ កម្ពុជា-វៀតណាម មានទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏យូរអង្វែង និងជាប្រវត្តិសាស្ត្រដែលបច្ចុប្បន្នកំពុងត្រូវ បានបន្តពូនជ្រុំដោយឈរលើមូលដ្ឋានបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង”។ ជាមួយនឹងការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចនៅគ្រប់កម្រិត និងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងសកម្ម កិច្ចពិគ្រោះយោបល់​នយោបាយកម្ពុជា-វៀតណាម លើកទី៦ នាពេលនេះ នឹងលើកកម្ពស់ថែមទៀតលើទំនាក់ ទំនងមិត្តភាព ស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

សូមបញ្ជាក់ថា ក្នុងរបៀបវារៈកិច្ចប្រជុំខាងលើ រួមមានការពិភាក្សា និងវាយតម្លៃរួម​គ្នា​លើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ ដូចជា នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធស្ថាប័ន និងវិស័យសុខាភិបាល និងដាក់​ចេញនូវវិធានការចាំបាច់នានា សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យ​ឈានឆ្ពោះឡើង​កម្រិត​ថ្មី​មួយទៀត។ ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហា​តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់រួម។ នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹង​អនុញ្ញាត​ឱ្យគណៈប្រតិភូវៀតណាម ចូលជួបសម្តែងការគួរសមផងដែរ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា