អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តដល់សាធារណជន ឱ្យចូលរួមផ្តល់​ព័ត៌មានជុំវិញការប្រព្រឹត្តបទល្មើសព្រៃឈើ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យនៃរាជរដ្ឋាភិបាលបានលើកទឹកចិត្ត​ដល់​សាធារណ​ជន ជាពិសេសបណ្តាញផ្សព្វផ្សាយទាំងអស់ចូលរួមផ្តល់ និងផ្សព្វផ្សាយជុំវិញការ​ប្រព្រឹត្ត​បទ​ល្មើសព្រៃឈើ ដើម្បីរួមគ្នាក្នុងការការពារសម្បត្តិធម្មជាតិឱ្យបានគង់វង្ស។ ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពី «វិធានការទប់ស្កាត់បទ​ល្មើស​ព្រៃឈើ» ដែលរៀបចំធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

ឯកឧត្តម ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា ប្រទេសនេះគឺជារបស់យើងទាំងអស់គ្នា ដូច្នេះ​មានតែយើងទាំងអស់គ្នាត្រូវតែនាំគ្នាការពារតាមរយៈកិច្ចសហការក្នុងការរាយការណ៍ចំពោះ បទល្មើសព្រៃឈើនេះ។ ឯកឧត្ដមបានលើកឡើងថា ជាក់ស្តែងដូចអ្វីដែលយើងបាន​ឃើញ​ស្រាប់ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនូវវេទិកាមួយនេះតាមរយៈសន្និសីទសារព័ត៌មាន ដើម្បី ផ្តល់ជាតម្រុយ និងវិធានការផ្សេងៗ ដល់សាធារណជន។

ពាក់ព័ន្ធនឹងការងារបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើនេះដែរ លោកឧត្តមសេនីយ៍ ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់​និងបង្ក្រាបបទល្មើសធនធានធម្ម​ជាតិបានគូសបញ្ជាក់ថា គណៈកម្មការគឺអនុវត្តន៍ទៅតាមផ្លូវច្បាប់ចំពោះអ្នកដែល​បាន​ប្រព្រឹត្ត ឬពាក់ព័ន្ធចំពោះបទល្មើសព្រៃឈើនេះ បើទោះបីជាអ្នកនោះគឺជាឩកញ៉ា មន្រ្តីជាន់ខ្ពស់ ឬអ្នកមានក៏ដោយ ក៏ត្រូវទទួលទោសដូចគ្នាដែរ។ លោកឧត្តមសេនីយ៍ត្រីបានបន្តថា បច្ចុប្បន្ន​សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងបទល្មើសព្រៃ​ឈើនេះមកផ្តន្ទាទោសតាមច្បាប់។ ដោយឡែកចំពោះការដុតកម្ចេច និងបំផ្ទុះចោលនូវ​មធ្យោ​បាយប្រព្រឹត្តបទល្មើសព្រៃឈើនេះដែរគឺគណៈកម្មការអនុវត្តន៍ទៅតាមវិធានការផ្លូវច្បាប់​ដែល​ មាន​ចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងបានគិតពីផលប៉ះពាល់ចំពោះបញ្ហាបរិស្ថាន។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអះអាងថា គណៈកម្មការជាតិ ដើម្បីទប់ស្កាត់​និង​បង្ក្រាបបទល្មើសធនធានធម្មជាតិ ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីដែល​ប្រព្រឹត្ត​ផ្ទុយទៅនឹងច្បាប់ចំពោះការងារបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើនេះ៕

ដោយ ចាន់ សុធីវង្ស រូបថត៖ ឡាញ់ វិសាល