កិច្ចប្រជុំស្តីពី ការគ្រប់គ្រង និងអនុវត្តន៍កម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី (NAP) ឆ្នាំ២០១៨-២០២៧

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានរៀបចំកិច្ចប្រជុំស្តីពី ការគ្រប់គ្រង និងអនុវត្តន៍កម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី(NAP) ឆ្នាំ២០១៨-២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកានៃក្រុមការងារ ក្រុមការងារបច្ចេកទេស(អង្គភាពក្រោមជំនាញឱវាទក្រសួង) តំណាងក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងបរិស្ថាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងរ៉ែ និងថាមពល, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវ ជន និងកីឡា, អង្គការUGO Forum និងក្រុមការងារ នៃក្រសួងកសិកម្ម ផងដែរ ។

ឯកឧត្តម រដ្ឋលេខាធិការ ហ៊ាន វណ្ណហន បានកោតសរសើរដល់ក្រុមការងាររៀបចំសកម្មភាពជាតិនេះ ដែលបានខិតខំបង្កើតឡើង និងមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ។ ឯកឧត្តមបានជម្រាបផងដែរថា កម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី (NAP) ឆ្នាំ២០១៨-២០២៧ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចអនុម័តនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ សម្រាប់អនុវត្តន៍ទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះរៀបចំឡើងមិនត្រឹមតែឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធការអភិវឌ្ឍរបស់ជាតិ ថែមទាំងសម្រាប់ការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា នៅអនុសញ្ញាសហប្រជាជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដី (United Nations Convention to Combat Desertification/ Land Degradation, UNCCD) ដែលប្រទេសកម្ពុជាក្លាយជាប្រទេសហត្ថលេខីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ដែលត្រូវរួមចំណែកប្រយុទ្ធប្រឆាំងនឹងហានិភ័យនានា នៃរហោស្ថានកម្ម ព្រមទាំងកាត់បន្ថយ និងបន្ស៊ំានឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ សំដៅរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនដែលពឹងអាស្រ័យលើមុខរបស់កសិកម្មជាចម្បងនៅកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា គោលបំណងនៃកិច្ចប្រជុំ និងការជួបជុំនៅថ្ងៃនេះ គឺ ១. ដើម្បីបង្ហាញសមាសភាព និងតួនាទី ភារកិច្ចរបស់ក្រុមការងារ។ ២. ធ្វើការបកស្រាយបញ្ជាក់យ៉ាងច្បាស់អំពី UNCCD និងNAP នៅក្នុងប្រទេសកម្ពុជា។ ៣. ពិភាក្សាអំពីកិច្ចការត្រូវអនុវត្តន៍បន្ត ជាពិសេសការរៀបចំបង្កើតលេខាធិការដ្ឋានអចិន្រ្តៃយ៍ គណៈកម្មាធិការគ្រប់គ្រងទីជម្រាលថ្នាក់ក្រោមជាតិ ព្រមទាំងផែនការសកម្មភាព និងការកៀរគរថវិកាសម្រាប់ទ្រទ្រង់កម្មវិធីសកម្មភាពជាតិនេះ ឱ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនាពេលអនាគត។

កិច្ចប្រជុំក៏បានពិភាក្សាយ៉ាងផុលផុស និងឯកភាពគ្នាបន្តទិសដៅនៃការបង្កើតក្រុមការងារ លេខាធិការដ្ឋានអចិន្រ្តៃយ៍ សម្រេចបង្កើតគណៈកម្មធិការគ្រប់គ្រងទីជម្រាលឱ្យបានឆាប់ និងខិតខំធ្វើយ៉ាងណា កៀរគររកថវិកា តាមផែនការសកម្មភាពរបស់ខ្លួន តាមរយៈថវិកាជាតិ ជំនួយឧបត្ថម្ភ ដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបាននូវផែនការយុទ្ធសាស្រ្ត និងសកម្មភាពរបស់ជាតិ ដែលរាជរដ្ឋាភិបាលបានអនុម័ត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ៕

ដោយ សេង សុវណ្ណនី(ប្រភពក្រសួងកសិកម្ម)