គណៈប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ី និងវិនិយោគិន មកសិក្សាពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ​ឆ្នាំ២០១៩ -ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ សភាពាណិជ្ជកម្មម៉ាឡេស៊ី ដឹកដោយ លោក Dato Seri Syed Hussien Alhabashee សមាជិកសភាពាណិជ្ជកម្មម៉ាឡេស៊ី និងជាអគ្គនាយកក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី (MAIWP) កាលពីរសៀលថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍនមុស្លីមកម្ពុជា ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា កម្ពុជាមានកិតិ្ដយសដោយ គណៈប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ី និងវិនិយោគិន មកសិក្សាពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា ដោយសារតែកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧ភាគរយ ។

ឯកឧត្ដម អូស្មាន ហាស្សាន់ បានបន្តថា ជំនួបនេះក្នុងគោលបំណងពិភាក្សាទ្វេភាគីកម្ពុជា ម៉ាឡេស៊ី ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ក្នុងនោះ រួមមាន៖ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ ទេសចរណ៍ ព័ត៌មានវិទ្យា វិស័យអប់រំ និងវិស័យសំខាន់‌ៗផ្សេងៗទៀត។ ឯកឧត្ដម បានបន្តថា គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅកម្ពុជារក្សាបានក្នុងអត្រាជាង ៧ភាគរយ ប្រចាំឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្ដទៀតថា កម្ពុជាស្វាគមន៍ និងបើកទូលាយទទួលរាល់ការវិនិយោគទាំងអស់ ហើយកម្ពុជាក៏មានធនធានគ្រប់គ្រាន់ និងមានលក្ខណៈអំណោយផលទាំងភូមិសាស្រ្ត និង ស្ថិរភាពនយោបាយ សន្តិសុខសង្គម ដែលជាកត្តាចម្បង ធានាបាននូវសុវត្ថិភាពក្នុងការវិនិយោគ និងគ្មានហានិភ័យណាមួយកើតឡើងចំពោះអ្នកវិនិយោគទុននៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

នៅក្នុងឱកាសនោះ លោក សៃយិត ហូស្សេន អាល់ហាបាហ្ស៊ី (Dato Seri Syed Hussien Alhabashee ) ក៏បានសន្សាថា នឹងផ្តល់អាហារូបករណ៍ ដល់សិស្សនិស្សិតកម្ពុជាចំនួន ២រូប ដើម្បីទៅសិក្សាវគ្គខ្លីនៅឯប្រទេសម៉ាឡេស៊ី រយ:ពេល២ឆ្នាំ លើមុខជំនាញសំខាន់មួយចំនួន ក្នុងនោះមានជម្រើស ផ្នែកជំនាញស្ថាបត្យកម្ម អគ្គិសនី ចុងភៅ កុំព្យូទ័រ កាត់ដេរ និង វិទ្យាសាស្រ្តកុំព្យូទ័រ ជាដើម។ ការចំណាយលើការសិក្សាខាងលើ រួមមាន ការស្នាក់នៅ ហូបចុក ធានារ៉ាប់រង ទិដ្ឋាការ និងថវិកាហោប៉ៅជាដើម គឺជាការរ៉ាប់រង១០០ ភាគរយរបស់(MAIWP)ម៉ាឡេស៊ីទាំងស្រុង ៕

ដោយសួស សំរិត