ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន នាំយកទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅស្រុករលាប្អៀរ

AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ -ក្នុងឱកាសចូលព្រះវស្សាដែលជាទំនៀមទម្លាប់ខ្មែរកាន់ព្រះពុទ្ធសាសនា ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បាននាំយកទៀនព្រះវស្សាចំនួន ៦៨ដើម មានទេយ្យទាន និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃដែលត្រៀមគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣៤វត្ត នៅស្រុករលាប្អៀរ កាលពីថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅវត្ត តុណ្ឌបព្វតារាម ហៅវត្តចំពុះ ភូមិទ្រនាមពេជ្រ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ខេត្តកំពង់ឆ្នាំងតែងតែប្រារព្ធពិធីដង្ហែរទៀនព្រះវស្សានេះជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីមន្រ្តីរាជការសាលាខេត្ត អង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការក្រុងកំពង់ឆ្នាំង ដោយក្នុងនោះមានរៀបចំពិធីចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ជូនដល់អភិបាលខេត្តមុន ៗ ដែលធ្វើកាលកិរិយាទៅហើយនោះ។ មួយផ្នែកទៀតឧទ្ទិសកុសលជូនដល់ជីដូនជីតា បុព្វការីជន និងបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ព្រមទាំងយុទ្ធជន យុទ្ធនារី ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។

ឯកឧត្តមបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលបានរូមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួន ដើម្បីរួម ចំណែកអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ទទួលបានសមិទ្ធផលថ្មីៗជាច្រើនរហូតដល់បច្ចុប្បន្ននេះ។ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តតាមអនុសាសន៍ និង យុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ។

ឯកឧត្តម ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងឱ្យកាន់តែ ទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ឯកឧត្តមក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ថា នេះជារដូវវស្សា ដែលបណ្ដាលឱ្យមានជំងឺផ្សេងៗ ពិសេសកុមារតូចរងនូវជំងឺគ្រុនឈាម ចម្លងមេរោគដោយសារមូសខ្លា ត្រូវសម្រាន្តក្នុងមុងឱ្យបានត្រឹមត្រូវ ពិសាទឹកឆ្អឹន សម្អាតបរិស្ថានជុំវិញផ្ទះ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅខណៈមានភ្លៀង ខ្យល់ ផ្គររន្ទះ គប្បីត្រូវរកទីកន្លែងជ្រកដែលមានសុវត្ថិភាព ខ្ពស់ដើម្បីធានាដល់អាយុជីវិត ​។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បានធ្វើពិធីរាប់បាត្រប្រគេនទៀនព្រះវស្សា និងប្រគេនទេយ្យទានមួយចំនួនដល់ព្រះសង្ឃ ផងដែរ៕

ដោយ បៃ ស៊ីថុន