អាជ្ញាធររាជធានីភ្នំពេញ សម្រេចសាងសង់ស្ពានអាកាសក្បាលថ្នល់ បត់ឆ្វេង១ខ្សែទៀត ដោយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូនេះ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ — ដើម្បីដោះស្រាយបញ្ហាចរាចរណ៍នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស និងផ្លូវព្រះនរោត្តម រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចសាងសង់ស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងមួយខ្សែទៀត នៅជាប់នឹងស្ពានអាកាសចាស់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ ស្ពាន ដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេង១ខ្សែនេះ នឹងត្រូវបញ្ចប់នៅចុងខែធ្នូឆ្នាំ២០១៩នេះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើ ដំណើរ ខណៈដែលស្ពានអាកាសក្បាលថ្នល់ចាស់ ដោះស្រាយបញ្ហាចរាចរណ៍ មិនទាន់បាន ល្អប្រសើរនូវឡើយ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦កន្លែង ហើយ គឺ​ស្ពានអា​កាសក្បាលថ្នល់នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករាស្ថិតនៅ​ស្តុប​ពេទ្យលោកសង្ឃ ស្ពានអាកាស៥មករាស្ថិតនៅ ស្ដុបតិចណូ ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅនៅរង្វង់មូលចោមចៅ ដែលស្ពានអាកាសចោមចៅបាន និងកំពុងបើកការដ្ឋានស្ថាបនា៕

ដោយ សួស សំរិត